បន្ទាយមានជ័យ ៖នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ មានករណីរថយន្តធំដឹកដី១គ្រឿង បើកឆ្លងកាត់ផ្លូវរថភ្លើង មិនប្រយ័ត្ន ត្រូវរថភ្លើងបុកក្រឡាប់ខ្ទេច សំណាងដែរអ្នកបើកគ្មានរបួសនៅចំណុចលើផ្លូវដែក នៅភូមិភ្នំធំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តធំម៉ាកCNHTC ពណ៌ឈាមជ្រូក ផលិតនៅប្រទេសចិន ស្លាកលេខក្រុមហ៊ុនAT 3-0798 បានបើកឆ្លងកាត់ផ្លូវរថភ្លើងខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុនោះ ស្រាប់តែត្រូវរថភ្លើងម៉ាកBB អូសទូអ្នកដំណើរ២ និងទូការ១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បុករថយន្តចំពេញទំហឹងបណ្តាលឲ្យរថយន្តក្រឡាប់ អ្នកបើកមិនរបួសនោះទេ ចំណែករថភ្លើង និងរថយន្ត ខូចខាតធ្ងន់ទាំងសងខាង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះ ភាគីខ្សែរថភ្លើង នៃក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ និងភាគីក្រុមហ៊ុនចិន ដែលស៊ីឈ្នួលដឹកដី និងថ្មសម្រាប់គម្រោងសំណង់លើកកម្ពស់អភិវឌ្ឍន៍ផ្លូវជាតិលេខ៥ បានទាក់ទងគ្នា ដើម្បីដោះស្រាយ ប៉ុន្តែមន្ត្រីនគរបាលចរាចរណ៍ស្រុក និងខេត្ត ក៏ដូចជាភាគីទាំង២ខាងលើ បដិសេធមិនផ្តល់ព័ត៌មានដល់អ្នកកាសែតឡើយ៕
Source: Kampuchea Thmey Daily
0 Comments