Ad Code

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​ប្រកាស​ថា សង្គ្រាម​គ្រឿងញៀន​បាន​បញ្ចប់​ហើយ



ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា សង្គ្រាម​របស់​ប្រទេស​នេះ​លើ​គ្រឿងញៀន​បាន​បញ្ចប់​ហើយ​។ លោក​បាន​និយាយថា រដ្ឋាភិបាល​របស់លោក​នឹង​លែងមាន​អាទិភាព​ប្រើប្រាស់​កងទ័ព​ដើម្បី​ចាប់​មេដឹកនាំ​ក្រុម​ជួញដូរ​គ្រឿងញៀន​ទៀតហើយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​រិះគន់​បាន​ចោទសួរ​អំពី​ការប្រកាស​នេះ​ដោយ​ចង្អុល​បង្ហាញថា ប្រធានាធិបតី​ឆ្វេងនិយម​រូបនេះ​មិនបាន​ដក​កងទ័ព​ចេញពី​ដងផ្លូវ​ដូចដែល​គាត់​បាន​សន្យា​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់​ទេ​ហើយ​កំពុង​ស្នើសុំ​ឲ្យ​បង្កើត​ឆ្មាំ​ជាតិ​ដែល​បក្សប្រឆាំង​និយាយថា​នឹង​អនុវត្ដ​ន៍​របប​យោធានិយម​របស់​ប្រទេស​នេះ​ជា​អចិន្ត្រៃយ៍​។​

ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ដាក់ពង្រាយ​កងទ័ព​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​។​

ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​គេ​រិះគន់​យ៉ាង​ទូលំទូលាយ​។ ថ្វីបើ​វា​បាន​ឈានទៅដល់​ការចាប់ខ្លួន​ស្តេចត្រាញ់​គ្រឿងញៀន​ល្បីៗ​ក៏ដោយ វា​ក៏ត្រូវ​ញាំញី​ដោយ​រលក​នៃ​អំពើ​ហឹ​ង្សា​ផងដែរ​។​

នៅពេល​ត្រូវបាន​សាកសួរ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់គាត់​ថា​តើ​រដ្ឋាភិបាល​របស់គាត់​បាន​បង្ក្រាប​ស្តេចត្រាញ់​គ្រឿងញៀន​ណាមួយ​ដែរ​ឬ​អត់​ចាប់តាំងពី​គាត់​ឡើងកាន់តំណែង​ក្នុង​ខែធ្នូ​មក​, លោក Lopez Obrador បាន​និយាយថា វា​លែង​ជា​យុទ្ធសាស្ត្រ​ទៀតហើយ​។​

លោក​បាន​និយាយថា “​គ្មាន​សង្គ្រាម​ទេ​។ គ្មាន​សង្គ្រាម​ជា​ផ្លូវការ​ទៀតឡើយ​។ យើង​ចង់បាន​សន្តិភាព​ហើយ​យើង​នឹង​សម្រេចបាន​សន្តិភាព​។ គ្មាន​មេក្លោង​ត្រូវបាន​ចាប់ខ្លួន​ទេ​ដោយសារតែ​វា​មិនមែនជា​គោលបំណង​ចម្បង​របស់​យើង​។ គោលបំណង​ចម្បង​របស់​រដ្ឋាភិបាល​គឺ​ធានា​សុវត្ថិភាព​សាធារណៈ​។ អ្វីដែល​យើង​ចង់បាន​គឺ​សន្តិសុខ​ដើម្បី​កាត់បន្ថយ​ចំនួន​មនុស្សឃាតកម្ម​ប្រចាំថ្ងៃ​”​។​

ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ចុះបញ្ជី​មនុស្ស​ស្លាប់​ជាង​២០០,០០០​នាក់​ចាប់តាំងពី​យោធា​ត្រូវបាន​បញ្ជូនទៅ​តាម​ដង​ផ្លូវ​កាលពី​១៣​ឆ្នាំមុន​ហើយ​រដ្ឋ​ខ្លះ​របស់ខ្លួន​មាន​អត្រា​ឃាតកម្ម​ស្មើ​ទៅនឹង​ប្រទេស​ដែលមាន​អំពើហិង្សា​បំផុត​នៅលើ​ពិភពលោក​។​

កាលពី​ឆ្នាំមុន​គឺមាន​អំពើហិង្សា​ខ្លាំង​បំផុត​ក្នុង​កំណត់ត្រា​ពោល​គឺមាន​មនុស្ស​៣៣,៣៤១​នាក់​ត្រូវបាន​គេ​សម្លាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu