Ad Code

អតីត​អ្នកទោស ​ទើប​ចេញពី​ពន្ធនាគារ ​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​វិញ​



ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​ ដែល​ជា​អតីត​អ្នកទោស​ទើប​ចេញ​ពី​ពន្ធនាគារ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​យក​ទៅ​ឃុំខ្លួន​ជាថ្មី​ម្ដងទៀត ​កាលពី​ព្រលប់​ថ្ងៃ​ទី​៣០​ ខែ​មករា ឆ្នាំ​២០១៩​ ក្រោម​ការចោទប្រកាន់​ ពីបទ​រំលោភ​លើ​ទំនុកចិត្ត។​

ជនជាប់ចោទ ​ឈ្មោះ មូល មន្និ​និ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ ៥០៤ ផ្លូវ​លេខ ២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចម្ការមន ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ ពី​បទ​សមគំនិត​ក្នុង​អំពើ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់។​

មូល មន្និ​និ​ច ត្រូវបាន​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចាប់ខ្លួន​ជាថ្មី​ម្ដងទៀត​ កាលពី​ថ្ងៃ​ទី​៣០​មករា ហើយ​ត្រូវ​បញ្ជូនមក​តុលាការ​ភ្លាមៗ។ ក្នុងនោះ ក្រោយ​ការសាកសួរ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ម៉ៅ ស៊ីណា បានសម្រេច​ដាក់​ជនជាប់ចោទ​ឲ្យ​ស្ថិតក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ​ពី​បទ​រំលោភ​លើ​សេចក្ដីទុកចិត្ត ប្រព្រឹត្ត​នៅផ្ទះ​លេខ ៥០៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន កាលពី​ថ្ងៃទី​១៥​ ខែ​កក្កដា ឆ្នាំ​២០១៦ ជា​បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៩១ មាត្រា​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ។ ហេតុដូច្នេះ ​បង្គាប់​មក​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ នៃ​កង​កម្លាំង​សាធារណៈ​ឲ្យ​នាំ ​ឈ្មោះ មូល មន្និ​និ​ច ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម​២ ព្រៃ​ស រហូតដល់​មានការ​សម្រេច​ជាថ្មី​ពី​តុលាការ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu