Ad Code

ទ្វីប​អឺរ៉ុប​ប្រឆាំង​ការប៉ុនប៉ង​របស់​លោក​ស្រី May ក្នុង​ការ​សរសេរ​កិច្ចព្រមព្រៀង​ Brexit ឡើងវិញ​



កាលពី​ថ្ងៃ​ពុធ មេដឹកនាំ​អឺរ៉ុប ​បាន​ច្រានចោល​ការប៉ុនប៉ង​រប​ស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May ក្នុងការ​សរសេរ​កិច្ចព្រមព្រៀង​លែងលះ Brexit ឡើងវិញ​ ដោយ​ព្រមាន​ថា ពួកគេ​នឹងមិន​ផ្លាស់ប្តូរ​ឥរិយាបថ​ទេ​។​

ជាការ​បដិសេធ​កិច្ចព្រមព្រៀង​នៃ​ការចាកចេញ​ដែល​លោកស្រី May ចរចា​ជាមួយ​សហភាព​អឺរ៉ុប​, សមាជិកសភា​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​បាន​បោះឆ្នោត​ដើម្បី​បញ្ជូន​លោកស្រី​ឲ្យ​ត្រលប់​ទៅ​ទទួលយក​លក្ខខណ្ឌ​ព្រំដែន​របស់​ប្រទេស​អៀរ​ឡង់​វិញ​។​

លោកស្រី May បាន​ទាញយក​រឿងនេះ​ជា​ឱកាស​មួយ​ដើម្បី​រារាំង​ចក្រភព​អង់គ្លេស​ពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩​ខែមីនា​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​ដោយ​លោកស្រី​សន្យាថា​នឹង​វិល​ត្រលប់​ទៅកាន់​ទីក្រុង​ប្រ៊ូ​ស​សែ​ល​វិញ​ដើម្បី​ទាមទារ​ការផ្លាស់ប្តូ​រឯក​សារ​នេះ​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​សារភាពថា លោកស្រី​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​ទីក្រុង​ប្រ៊ូ​ស​សែ​លបើក​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​ដែលជា​កិច្ចព្រមព្រៀង​មួយ​ចំណាយពេល​អស់​១៨​ខែ​ដើម្បី​បញ្ចប់​ហើយ​មេដឹកនាំ​អឺរ៉ុប​បាន​រួបរួមគ្នា​យ៉ាងខ្លាំង​ក្នុងការ​ច្រានចោល​នូវ​ទង្វើ​បែបនេះ​។​

ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​អឺរ៉ុប​លោក Donald Tusk បាន​បង្ហោះ Twitter ថា “​ជំហរ​របស់​សហភាព​អឺរ៉ុប​គឺ​ច្បាស់លាស់​និង​មិន​ផ្លាស់ប្តូរ​។ កិច្ចព្រមព្រៀង​ដកខ្លួន​នេះ​គឺ​មិន​បើកចំហ​សម្រាប់​ការចរចា​ឡើងវិញ​ទេ​” ។ លោក​បាន​បន្ថែមថា “​យើង​បាន​មើលឃើញ​នូវ​អ្វីដែល​ចក្រភព​អង់គ្លេស​មិន​ចង់បាន​ប៉ុន្តែ​យើង​នៅតែ​មិនដឹងថា​តើ​ចក្រភព​អង់គ្លេស​ចង់បាន​អ្វី​”​។​

ក្រុមមន្ត្រី EU ដែលមាន​ការខកចិត្ត​ផ្សេងទៀត​រួមទាំង​អ្នកចរចា Brexit លោក Michel Barnier ផងដែរ​បាន​ទទូចថា សមាជិក EU ទាំង​២៧​ប្រទេស​ដែល​នៅសល់​ត្រូវ​រួបរួមគ្នា​ហើយ​ត្រូវ​តាំងចិត្ត​កុំ​បោះបង់ចោល​លក្ខខណ្ឌ​ដែល​គេ​ជឿថា​ជា​គន្លឹះ​ក្នុង​ការរក្សា​សន្តិភាព​នៅតាម​ព្រំដែន​។​

ប្រធាន​គណកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker បាន​ថ្លែង​ទៅកាន់​សភា​អ៊ឺរ៉ុប​ថា កិច្ចព្រមព្រៀង​ដកខ្លួន​នេះ​នឹងមិន​ត្រូវបាន​ចរចា​ឡើងវិញ​នោះទេ​។​

ហើយ​លោក​បាន​ព្រមាន​ថា ការបោះឆ្នោត​នៅ​អង់គ្លេស​គឺ​គ្រាន់តែ​បង្កើន​ហានិភ័យ​នៃ​ការដកខ្លួន​ទាំង​គ្មាន​សណ្តាប់ធ្នាប់​និង​ធ្វើ​ឲ្យ​ប្រទេស​អៀរ​ឡង់​ខាងជើង​ធ្លាក់​ចូលក្នុង​អតីតកាល​ដ៏​អាប់អួរ​ប៉ុណ្ណោះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu