យោងតាមអង្គការសិទិ្ធមនុស្សបានឲ្យដឹងថា ស្ថាបនិកនៃគេហទំព័រស៊ីវិលនិងសិទិ្ធមនុស្សចិនដ៏លេចធ្លាម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំនៅថ្ងៃអង្គារពីបទញុះញង់ឲ្យផ្តួលរំលំរដ្ឋ។
លោក Liu Feiyue បានបង្កើតនិងគ្រប់គ្រងគេហទំព័រឃ្លាំមើលសិទិ្ធពលរដ្ឋនិងជីវភាពដែលគ្របដណ្តប់លើបញ្ហាស៊ីវិលនិងសិទិ្ធមនុស្សនានាដូចជាការតវ៉ា ការរំលោភបំពានរបស់ប៉ូលិសនិងអំពើពុករលួយរបស់រដ្ឋាភិបាលជាដើម។
យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្សបានឲ្យដឹងថា តុលាការប្រជាជនកម្រិតមធ្យមទីក្រុង Suizhou ក្នុងខេត្ត Hubei ភាគកណ្តាលបានផ្តន្ទាទោសគាត់បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមានកំហុសពីបទញុះញង់ឲ្យមានការផ្តួលរំលំរដ្ឋអំណាច។
លោក Patrick Poon អ្នកស្រាវជ្រាវចិននៅអង្គការលើកលែងទោសអន្តរជាតិបានប្រាប់ AFP ថា “ការកាត់ទោសនេះបានបង្ហាញជាថ្មីម្តងទៀតអំពីរបៀបដែលរដ្ឋាភិបាលចិនបំពានប្រព័ន្ធយុត្តិធម៌ដើម្បីបំបិទមាត់អ្នកប្រឆាំង”។ លោកបានបន្ថែមថា “មានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរនៅក្នុងនីតិវិធីនៃសំណុំរឿងនេះព្រោះគ្មានដំណើរការត្រឹមត្រូវស្របតាមបទដ្ឋានអន្តរជាតិទេ”។
ការកាត់ទោសរបស់លោក Liu បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេធាវីការពារសិទ្ធិមនុស្សលោក Wang Quanzhang ត្រូវបានកាត់ទោសជាប់ពន្ធនាគារ៤ឆ្នាំកន្លះលើការចោទប្រកាន់ដូចគ្នានេះ។
លោក Wang គឺជាមនុស្សម្នាក់ក្នុងចំណោមមេធាវីនិងសកម្មជនជាង២០០នាក់ដែលត្រូវបានគេបោសសម្អាតក្នុងការបង្ក្រាបឆ្នាំ២០១៥ដែលសំដៅទៅលើអ្នករិះគន់ដល់អាជ្ញាធរកុម្មុយនីស។
លោក Huang ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៦សម្រាប់ការទម្លាយអាថ៌កំបាំងរបស់រដ្ឋហើយចាប់តាំងពីពេលនោះមកគាត់ត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងមួយនៅខេត្ត Sichuan ភាគនិរតីហើយត្រូវគេរំពឹងថានឹងត្រូវកាត់ទោសនៅដើមខែនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments