ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតជាផ្លូវការពី លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាយកដ្ឋានសៀវភៅ និង ការអាន នឹងរៀបចំប្រឡងប្រជែងស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ២០១៩(ពានរង្វាន់ : ព្រះនាងឥន្ទ្រទេវី) ។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅលើផេករបស់នាយកដ្ឋានសៀវភៅ និងការអាន។
នៅក្នុងសេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់ថា ការប្រកាសឲ្យមានការបើកប្រឡងនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីថែរក្សា និងលើកតម្កើងអក្សរសិល្ប៍ជាតិឲ្យកាន់តែប្រសើរថែមទៀត ដូច្នេះក្រសួងបានសម្រេចអនុញ្ញាតឲ្យមានការរៀបចំការប្រឡងប្រជែងស្នាដៃតែងនិពន្ធប្រលោមលោកនិងកំណាព្យរឿងឆ្នាំ២០១៩ ពានរង្វាន់ : ព្រះនាងឥន្ទ្រទេវី។ ប្រធានបទ ៖ សេរី(១៥-៣០ទំព័រ)។
ប្រភពបានបន្តថា ចំពោះជ័យលាភី និងពានរង្វាន់ ស្នាដៃតែងនិពន្ធដែលជាប់ជ័យលាភី គឺលេខ១ដល់លេខ៤ (ប្រលោមលោក៣នាក់ និងកំណាព្យរឿង៣នាក់) ទទួលបានពានរង្វាន់១ និងអមដោយទឹកប្រាក់។ ចំណែកឯលេខ៤ ដល់លេខ៥(ប្រលោមលោក២នាក់ និងកំណាព្យរឿង២នាក់) ទទួលបានប័ណ្ណសរសើរ និងអមដោយទឹកប្រាក់។
អាស្រ័យដូចបានជម្រាបខាងលើនេះ សូមកវីនិពន្ធ និង សាធារណជន ដែលមានឧបនិស្ស័យ ឬ ចំណាប់អារម្មណ៍ក្នុងការតែងនិពន្ធ ហើយមានបំណងចូលរួមប្រឡង សូមចូលរួមឲ្យបានច្រើនកុះករដើម្បីលើកស្ទួយគុណតម្លៃនៃអក្សរសាស្ត្រជាតិ។ បេក្ខជន អាចបញ្ជូនស្នាដៃតែងនិពន្ធ ឬទំនាក់ទំនងនៅនាយកដ្ឋានសៀវភៅ និងការអានចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments