Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០​មករា​ កើតឡើង​៩​លើក ​ស្លាប់​៦​នាក់ ​របួសធ្ងន់​ស្រាល​១៦​នាក់​



ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៩​លើក ( យប់​៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី១​នាក់ ) រងរបួស​ធ្ងន់១១​នាក់ ( ស្រី២​នាក់ ) និង​រងរបួស​ស្រាល៥​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​១២​នាក់ ( យប់​៤​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន​៣​គ្រឿង និង​អ្នក​ថ្មើរជើង ចំនួន​១​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន​៤​លើក ( ស្លាប់​៣​នាក់ ) , មិន​គោរព​សិទ្ធិ​១​លើក , មិន​ប្រកាន់​ស្តាំ​១​លើក , បត់​គ្រោះថ្នាក់​២​លើក ( ស្លាប់​១​នាក់ ) និង​ងងុយដេក​១​លើក ( ស្លាប់​២​នាក់ )។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៧​លើក និង​ផ្លូវ​ខេត្ត ចំនួន​២​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន​៣​លើក រថយន្ត​ធុន​តូច ចំនួន​៤​លើក និង​រថយន្ត​ធុន​ធំ ចំនួន ២​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តព្រៃវែង១​លើក ស្លាប់២​នាក់ ( ស្រី ១​នាក់ ) របួស២​នាក់ ខេត្តតាកែវ១​លើក ស្លាប់១​នាក់ របួស២​នាក់ ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់១​នាក់ របួស៣​នាក់ ខេត្ត​មណ្ឌល​គី​រី១​លើក ស្លាប់១​នាក់ របួស១​នាក់ ( ស្រី ) និង​ខេត្ត​រតនគីរី១​លើក ស្លាប់១​នាក់ របួស១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ កើតឡើង​៣២២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤៤​នាក់ របួស​សរុប ៥០៩​នាក់ ក្នុងនោះ​របួសធ្ងន់​៣៣៤​នាក់ និង​រងរបួស​ស្រាល​១៧៥​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu