Ad Code

ស្តេច​ថ្មី​របស់​ម៉ាឡេស៊ី​ឡើង​គ្រងរាជ្យ ​បន្ទាប់ពី​ការដាក់រាជ្យ​ជា​ប្រវត្តិសាស្ត្រ



ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​បានតែងតាំង​ស្តេច​ថ្មី​គឺ​ព្រះអង្គ Sultan Abdullah Sultan Ahmad Shah បន្ទាប់ពី​ព្រះមហាក្សត្រ​ចុងក្រោយ​បំផុត​បានដាក់​រាជ្យ​ជា​លើកដំបូង​បន្ទាប់ពី​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​រុស្ស៊ី​។​

នៅក្នុង​ពិធី​មួយ​ដ៏​អធិកអធម ស្តេច Sultan ដែល​ស្រឡាញ់​កីឡា​បាន​សច្ចា​ចូលកាន់​តំណែង​នៅ​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​។​

ពិធី​នេះ​ត្រូវបាន​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំងប្រទេស​និង​មានការ​ចូលរួម​ដោយ​លោកនាយក​រដ្ឋមន្ត្រី Mahathir Mohamad និង​ភ្ញៀវ​រាប់រយ​នាក់​ដែល​បាន​ចូលរួម​ក្នុងការ​តុបតែង​បែប​ឥស្លាម​។​
​មុនពេល​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង ព្រះមហាក្សត្រ​ព្រះជន្ម​៥៩​វស្សា​អង្គ​នេះ​ដែល​ក៏​ជា​អ្នកដឹកនាំ​នៃ​រដ្ឋ Pahang ភាគ​កណ្តាល​ផងដែរ​នោះ​គឺ​ត្រូវ​បានទទួល​ការស្វាគមន៍​នៅឯ​សភាជាតិ​និង​បាន​ត្រួត​ពិនិត្យមើល​ឆ្មាំ​កិត្តិយស​។​

អ្នក​កាន់តំណែង​មុន​គឺ​ព្រះអង្គម្ចាស់ Sultan Muhammad ទី​៥​បាន​ចុះ​ចេញពី​តំណែង​ក្នុង​ខែ​នេះ​បន្ទាប់ពី​គ្រងរាជ្យ​បល្ល័ង្ក​រយៈពេល​ពីរ​ឆ្នាំ​។ របាយការណ៍​ក្រោយមក​បានបង្ហាញ​ថា ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​ក្រុង​មូ​ស្គូ​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ហេតុផល​ជា​ផ្លូវការ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​សម្រាប់​ការដាក់រាជ្យ​នោះទេ​ប៉ុន្តែ​វា​គឺជា​លើកទីមួយ​ហើយ​ដែល​ស្ដេច​មួយអង្គ​បាន​ដកខ្លួន​ចេញ​មុនពេល​បញ្ចប់​អាណត្តិ​របស់ខ្លួន​នៅក្នុង​ប្រទេស​ដែល​កាន់សាសនា​មូស្លីម​ភាគច្រើន​មួយ​នេះ​។​

ប្រទេស​ម៉ាឡេស៊ី​គឺមាន​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​រាជ្យ​បល្ល័ង្ក​ជាតិ​ត្រូវ​ផ្លាស់ប្តូរ​វេន​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង​រវាង​អ្នកគ្រប់គ្រង​រាជវង្ស​នៃ​រដ្ឋ​ទាំង​៩​របស់​ប្រទេស​។​

រដ្ឋ Pahang គឺជា​រដ្ឋ​បន្ទាប់​ដែល​នឹង​ទទួល​តំណែង​នេះ​បន្ទាប់ពី​ព្រះអង្គ Muhammad ទី​៥​បាន​ចុះចេញ​ហើយ​ព្រះអង្គ Sultan Abdullah ត្រូវបាន​ជ្រើសរើស​ជា​ផ្លូវការ​ជា​ស្តេច​ទី​១៦​របស់​ប្រទេស​នេះ​ដោយ​គ្រួសារ​រាជវង្ស​ម៉ាឡេស៊ី​កាលពី​សប្តាហ៍​មុន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu