Ad Code

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ​ចេញ​ប្រតិបត្តិ​ការ​ចុះ​ធ្វើ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​ នៅ​តំបន់​មិន​រៀបរយ​ ឃាត់ខ្លួន​ជនសង្ស័យ​១៥​នាក់



ភ្នំពេញ ​៖ ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ ដែល​ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​ដូន​ពេញ ​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​អនាធិបតេយ្យ​ ដែល​សម្បូរ​ដោយ​ជន​ប្រមូលផ្ដុំ​ប្រើប្រាស់​ញៀន​ថ្នាំ​និង​អ្នក​ជួញដូរ ​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជនសង្ស័យ​ប្រុស​និង​ស្រី​ជាច្រើន​នាក់ ​រួម​ទាំង​វត្ថុ​តាង​ ដែល​អាច​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ​មួយ​ចំនួន​ផង​ដែរ។

ជាក់ស្ដែង ​នៅ​ថ្ងៃ​ពុធ ​១០​រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក ព​.​ស​២៥៦២​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​​៣០ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី ដោយ​បាន​ការ​សម្របសម្រួល​ពី​ លោក ស៊ិន វិ​រៈ ព្រះ​រាជ​អាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ដឹកនាំ​ដោយ​ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ដូន​ពេញ លោក​វរសេនីយ៍ឯក ប៊ុន សន្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ, លោក ឆាយ ធី​រិ​ទ្ធ ចៅសង្កាត់​ស្រះចក លោក ឌួង ស៊ីម មេភូមិ​ទី​៣ បាន​ដំណើរការ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ចំណុច ទីតាំង​អនាធិបតេយ្យ និង​សំណង់​មិន​រៀបរយ​ក្នុង​ភូមិ​ទី​២ ភូមិ​ទី​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កម្លាំង​ចូលរួម​សរុប​ចំនួន​១៧៩​នាក់ ក្នុង​នោះ​កម្លាំង​នគរបាល​ចំនួន​១០៦​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​២៦​នាក់ កម្លាំង​រដ្ឋបាល​ខណ្ឌ សង្កាត់​ចំនួន​៥៣​នាក់​។​

សមត្ថកិច្ច​ចម្រុះ ដែល​ចុះ​ធ្វើ​រដ្ឋបាល នៅ​សំណង់​អនាធិបតេយ្យ​នោះ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ត​បន្ទាប់ ស្ថិតនៅ​ក្នុងភូមិ​២ និង​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដែល​ទីតាំង​ចុះ​ធ្វើ​រដ្ឋបាល​នោះ ​ត្រូវ​សមត្ថកិច្ច​អះអាង​ថា ជា​សំណង់​មិន​រៀបរយ ជា​ជម្រក​របស់​ក្រុម​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ការ​ឃាត់ខ្លួន​ទាំងអស់​ចំនួន​១៥​នាក់ ក្នុង​នោះ មាន​ស្រី​៨​នាក់​ផង​ដែរ គឺ​សង្ស័យ​ពួកគេ​ថា ជា​ជន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ ដើម្បី​បន្ត​នីតិវិធី​សាកសួរ។

ជាមួយ​គ្នា​នេះ​ សមត្ថកិច្ច​ ក៏បាន​រុះរើ ជម្រក​អនាធិបតេយ្យ ដែល​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី និង​តង់​ចំនួន​៨​ខ្នង បន្ទប់​ជួល​៤​បន្ទប់ ដែល​បន្ទប់​នីមួយៗ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជា​ជម្រក​សម្រាប់​ប្រើ​ប្រាស់​គ្រឿងញៀន។

សូមបញ្ជាក់ថា សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​នោះ​មាន​៣​គោលដៅ​គោលដៅ​ទី​១​ត្រួតពិនិត្យ បាន​៥៤​ខ្នង​ផ្ទះ គោលដៅ​២ ត្រួត​ពិនិត្យ​បាន​២៥​ខ្នង​ផ្ទះ និង​គោលដៅ​៣​ ត្រួតពិនិត្យ​បាន​ចំនួន​១៥ ខ្នង​ផ្ទះ រហូតដល់​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ទើប​បញ្ចប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu