Ad Code

កាណាដា​កាត់បន្ថយ​បុគ្គលិក​ការទូត​នៅ​គុយបា



រដ្ឋាភិបាល​ បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​កាណាដា​កំពុង​កាត់បន្ថយ​បុគ្គលិក​នៅ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​ប្រទេស​គុយបា ​បន្ទាប់ពី​អ្នកការទូត​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​របួស​ខួរក្បាល​ដ៏​អាថ៌កំបាំង​។​

ករណី​ថ្មី​នេះ​បាន​នាំ​ឲ្យ​ចំនួន​ជនជាតិ​កាណាដា​កើន​ដល់​១៤​នាក់​រួមជាមួយ​ជនជាតិ​អាមេរិក​២៥​នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​រោគសញ្ញា​ដូចជា​វិលមុខ អស់កម្លាំង ឈឺក្បាល ស្តាប់​មិនឮ​និង​មើល​មិន​ច្បាស់ បាត់បង់​តុល្យភាព ចង្អោរ​និង​អសមត្ថភាព​ស្មារតី​។​

ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការធ្វើ​តេស្ត​បានបញ្ជាក់​ថា បុគ្គលិក​បន្ថែម​ម្នាក់ទៀត​មាន​រោគសញ្ញា​ដូច​ទៅនឹង​បុគ្គលិក​ដែល​ទទួលរង​ផលប៉ះពាល់​កាលពី​ពេលមុន​”​។ ក្រសួង​បាន​បន្ថែមថា គ្មាន​មូលហេតុ​ត្រូវបាន​គេ​កំណត់​ទេ​។​

ក្រសួង​បាន​និយាយទៀតថា សន្តិសុខ​នៅ​បេសកកម្ម​ក្នុង​ទីក្រុង Havana ត្រូវបាន​បង្កើន​ឡើង​ខណៈដែល​កម្រិត​បុគ្គលិក​ត្រូវបាន​កាត់បន្ថយ​រហូត​ដល់​ពាក់កណ្តាល​។​

ទោះបីជា​យ៉ាងណាក៏ដោយ ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​កាណាដា CBC បាន​និយាយថា មានតែ​មន្ត្រី​ចំនួន​៨​រូប​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ចាកចេញ​នៅ​ស្ថានទូត​។​

កាលពី​ដំបូង​ឡើយ អាជ្ញាធរ​កាណាដា​និង​សហរដ្ឋអាមេរិក​បានដាក់​ការសង្ស័យថា មានការ​វាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​សំឡេង​។ ប៉ុន្ដែ​ក្រោយមក រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​បាន​សន្និដ្ឋានថា “​វា​មិន​ទំនង​ទេ​”​។​

វេជ្ជបណ្ឌិត​និង​មន្ត្រី​អាមេរិក​បានចង្អុលបង្ហាញ​ទៅ​របួស​ខួរក្បាល​ប្រភេទ​ថ្មី​ដែល​បាន​រៀបរាប់​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​ក្នុង​ទស្សនា​វ​ដ្តី Journal of American Medical Association ដោយ​អ្នកឯកទេស​ខាង​សុខភាព​នៅ​សាកលវិទ្យាល័យ Pennsylvania ដែល​បាន​ព្យាបាល​អ្នកការទូត​អាមេរិក​ចំនួន​២១​នាក់​។​

សហរដ្ឋអាមេរិក​បាន​ដក​បុគ្គលិក​ផ្នែក​ការទូត​មិន​សំខាន់​របស់ខ្លួន​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០១៧​ប៉ុន្តែ​ប្រទេស​កាណាដា​មិនបាន​ធ្វើ​ដូច​នោះទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu