Ad Code

តុលាការ ​សម្រេច​ឃុំខ្លួន​បុរស​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់សម្លាប់​ប្រពន្ធ​ រឿង​ប្លង់ដី​



​កណ្តាល ​៖ ​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៩ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​បុរស​យក​កាំភ្លើង​ភ្ជង់​ក្បាល​ប្រពន្ធ​ ដែល​មិន​ព្រម​ចូល​ក្នុង​ឡាន​ព្រោះតែ​ដណ្តើម​ប្លង់ដី​គ្នា ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ ក្រោម​បទ​ចោទប្រកាន់ ​"​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​" ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣៥​នាទី នៅ​ចំណុច ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល តាម​មាត្រា​២១៨ មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។

​ជន​ត្រូវ​ចោទ​មានឈ្មោះ ឆាយ សា​លាភ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។​

ជនរងគ្រោះ​មាន ឈ្មោះ នួន ដា​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ ទីលំនៅ​ភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។​

លោក​វរសេនីយ៍ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឲ្យ​ដឹងថា​ កាលពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ឈ្មោះ ឆាយ សា​លាភ (​ប្តី​) និង​ឈ្មោះ នួន ដា​នី (​ប្រពន្ធ​) បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​លែងលះគ្នា នៅ​សាលាឃុំ​រកា​ខ្ពស់។ ​លុះ​នៅ​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣៥​នាទី ឈ្មោះ ឆាយ សា​លាភ បាន​ជិះ​រថយន្ត​មួយគ្រឿង ម៉ាក​តូ​យូ​តា​ព្រីស ពណ៌​ទឹកប្រាក់ ​ពី​ភ្នំពេញ មក​ផ្ទះ​ ឈ្មោះ​នួន ដា​នី ស្ថិត​ក្នុងភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។ ពេល​មក​ដល់​ឈ្មោះ ឆាយ សា​លាភ បាន​សួរ ឈ្មោះ នួន ដា​នី រក​ប្លង់​ផ្ទះ​ដែល​ស្ថិតនៅ​បូរី​ចំការ​ដូង ដើម្បី​ដាក់​លក់​ផ្ទះ នៅ​ការិយាល័យ​បូរី​ចំការ​ដូង ពេល​ជាមួយគ្នា​នោះ ឈ្មោះ​នួន ដា​នី ​មិន​ទៅតាម​ ទើប​ឈ្មោះ ឆាយ សា​លាភ​ កាន់​កាំភ្លើងខ្លី​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ឈ្មោះ​នួន ដា​នី​ រួច​ចាប់​គ្រៀក ដើម្បីឲ្យ​ចូល​រថយន្ត​របស់ខ្លួន ទន្ទឹមនឹងនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឃាត់​រថយន្ត ហើយ​ដណ្តើម​បាន​អាវុធ​ពី​ ឈ្មោះ ឆាយ សា​លាភ និង​ជួយ​ឈ្មោះ នួន ដា​នី​ ចេញពី​រថយន្ត​មកវិញ។ ចំណែក​ឈ្មោះ ឆាយ សា​លាភ បាន​រត់គេចខ្លួន។​

​ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រកា​ខ្ពស់ សហការ​ជាមួយ​កម្លាំង​អន្តរាគ​មន៍​ស្រុក​ស្អាង បាន​ឃាត់ខ្លួន ឈ្មោះ ឆាយ សា​លាភ ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ​ ឆាយ សា​លាភ​ សារភាពថា ខ្លួន​បាន​ទិញ​អាវុធ​ខ្លី​នេះ​ពី​ឈ្មោះ​រាក់ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ​តម្លៃ​៣០ដុល្លារ នៅ​ចំណុច​វាល​ខ្សាច់ ចាក់អង្រែលើ​ កាលពី​ឆ្នាំ​២០១៦ ​ដើម្បី​ទុក​នៅផ្ទះ​ភូមិ​ព្រែក​ខ្សេវ​ ឃុំ​រកា​ខ្ពស់​ និង​បាន​ជិះ​រថយន្ត​យក​អាវុធខ្លី​ខាងលើ​ភ្ជង់​គំរាម​ឈ្មោះ​នួន ដា​នី ពិត​ប្រាកដ​មែន​។​

​ឈ្មោះ​ឆាយ សា​លាភ សារភាព​បន្ថែមទៀតថា ខ្លួន​ពិតជា​បាន​ជក់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​រយៈពេល​០៦​ខែ​កន្លងមកហើយ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu