ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានរម្លឹកដល់មន្ត្រីព័ត៌មានខេត្ត-ក្រុងទាំងអស់ ត្រូវប្រុងប្រយ័តចំពោះដំណឹងក្លែងក្លាយ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានរម្លឹកបែបនេះ នៅក្នុងពិធីផ្ទេរតំណែងជាផ្លូវការជូនលោកស្រី ឈឹមពៅ សុកាន់ឌី ឡើងកាន់តំណែងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថ្មី ជំនួសលោក ទន់ សារ៉ាត អតីតអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាចាស់ ដែលត្រូវបានក្រសួងដំឡើងឋានៈជារដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងព័ត៌មាន បន្ទាប់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោកជំទាវ ឈឹមពៅ សុកាន់ឌី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨មកនោះ។
លោក រដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានបន្តថា ប្រធានមន្ទីរព័ត៌មានខេត្ត-ក្រុងទាំងអស់ ត្រូវប្រុងប្រយ័តចំពោះដំណឹងក្លែងក្លាយ។ ព្រោះថាព័ត៌មានក្លែងក្លាយបច្ចុប្បន្នកំពុងក្លាយជាព័ត៌មានមួយដែលក្តៅគគុក ដែលប្រធាន អនុប្រធានមន្ទីរព័ត៌មាន មន្ត្រីព័ត៌មានទាំងអស់ចាប់អារម្មណ៍អំពីបញ្ហានេះ។ លោករដ្ឋមន្ត្រីពន្យល់ថា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលដឹកនាំប្រទេសមានបក្សតែមួយ រហូតដល់ឆ្នាំ២០២៣ មានការទទួលខុសត្រូវធំណាស់ ដូច្នេះរាល់សង្គ្រាមចិត្តសាស្ត្រ សង្គ្រាមក្លែងបន្លំ គឺជាការងារមួយ ដែលចាប់ផ្តើមពុះគគុក ដែលត្រូវយកចិត្តទុកដាក់ ព្រោះសង្គ្រាមក្លែងបន្លំនេះមានចរិតធ្វើយ៉ាងណាឲ្យប្រជាជនជាម្ចាស់ឆ្នោតយល់ច្រឡំបាត់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន មិនអាចប្រហែសបានទេ។ លោករដ្ឋមន្ត្រីបន្តទៀតថា ដំណឹងក្លែងបន្លំនេះភាគច្រើនកើតឡើង ក្នុងពេលដែលប្រជាជនចាប់ផ្តើមចេះយល់អំពីដំណឹង ប៉ុន្តែដំណឹងខ្លះវាក្តៅគគុកពេក បានធ្វើឲ្យប្រជាជនចាប់អារម្មណ៍ ហើយពួកគាត់បានចាប់យកភ្លាម។ ដូច្នេះយើងត្រូវចាំថា រឿងអីទាំងអស់តែងមានមុខពីររបស់វា អញ្ចឹងយើងត្រូវបង្ហាញមុខអីឲ្យពិតប្រាកដ ដែលទាមទារការស្វែងយល់ ហើយធ្វើការវាយបកឲ្យទាន់ពេលវេលា។ ប្រការចាំបាច់មួយទៀតនៅពេលមានដំណឹងក្លែងក្លាយភា្លមយើងត្រូវស្គ្រីនសូហ្វទុក ដើម្បីដឹងថា account ហ្នឹងដែលនិយាយកុហកច្រើន ហើយលើកក្រោយទៀតយើងលើក account ចាស់មកនិយាយ និយាយហើយនិយាយទៀត បើយើងមិនបំផ្លាញក្រេឌីដ account នោះទេមិនបានទេ។
លោកជំទាវ ឈឹមពៅ សុកាន់ឌី ដែលបានក្លាយជាអគ្គនាយិកាស្ត្រីដំបូង នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងារ ក្នុងតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ ក្រោមការដឹកនាំរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនឹងជំរុញឲ្យមន្ត្រីនិងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាវិទ្យុជាតិកម្ពុជាគ្រប់នាយកដ្ឋានមានកិច្ចសហការ សាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីរួមគ្នាអភិវឌ្ឍន៍អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាឲ្យកាន់តែរីកចម្រើន ប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើបៗដ៏សម្បូរបែប ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្នេះ៕
Source: Kampuchea Thmey Daily
0 Comments