បន្ទាយមានជ័យ ៖ បន្ទាប់ពីផ្សព្វផ្សាយស្តីពីការរៀបចំសណ្តាប់ធ្នាប់ដែលរំលោភបំពាន់យកផ្លូវសាធារណៈ និង ករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋនៅផ្សារត្រី អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ថារាល់អ្នកតាំងលក់និងតសំយ៉ាបរំលោភយកផ្លូវសាធារណៈ គឺត្រូវតែរុះរើចេញជាបន្ទាន់ ជៀសវាងរដ្ឋបាលក្រុងចុះអនុវត្តរុះរើដោយផ្ទាល់។
ការថ្លែងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកចុះពិនិត្យអប់រំណែនាំដល់បងប្អូនអាជីវករដែលរស់នៅនិងតាំងលក់ជុំវិញបរិវេណផ្សារត្រីស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន ស៊ានហូ បានលើកឡើងទៀតថា ការតាំងលក់ដោយដាក់គ្រែ តូប និងសងនៅលើផ្លូវសារធារណៈពិតជាបង្កភាពអានាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះនិងងាយបង្កគ្រោះថ្នាក់ចរាចរណ៍ គ្មានអនាម័យ។ ជាមួយនោះចំពោះអ្នកដែលមានផ្ទះ តូប ដែលតសំយ៉ាបបំពានផ្លូវសាធារណៈដើម្បីតាំងលក់និងជួលឲ្យអ្នកលក់ក៏កំពុងបង្កយ៉ាងធ្ងន់ធ្ងរផងដែរដល់ការធ្វើចរាចរណ៍រថយន្តចេញចូលពិសេសរថយន្តសង្គ្រោះ មិនអាចចូលជួយបានទេនៅពេលដែលមានហេតុការណ៍គ្រោះអគ្គីសភ័យម្តងៗ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះមានអគ្គិភ័យមួយបានកើតឡើងនៅចំណុចផ្សារត្រីនេះហើយ បានបំផ្លាញផ្ទះអ្នកលក់ដូរអស់ចំនួន៥ខ្នងនិងខូចខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ។ ហើយការខូចខាតនេះគឺបណ្តាលមកពីរថយន្តអគ្គិភ័យមិនអាចចូលទៅដល់ទីតាំងផ្ទះដែររងការឆេះនោះ ព្រោះតែផ្លូវមានស្ថានភាពតូចចង្អៀត។
ដោយសារតែប្រការនេះហើយ ទើបរដ្ឋបាលក្រុងក្រោមការណែនាំពីរដ្ឋបាលខេត្តលោក សួន បវរ ចុះធ្វើការណែនាំ ផ្សព្វផ្សាយអោយបងប្អូនដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភយកចំណីផ្លូវសាធារណៈទៅធ្វើអាជីវកម្មដោយដាក់តាំង លក់ តសំយ៉ាប អោយរុះរើនិងកាត់ចេញជាបន្ទាន់ឲ្យបានមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឲ្យផ្លូវមានភាពស្រឡះធំទូលាយ។ ហើយប្រសិនមិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលក្រុងនិងចាត់វិធានការក្តៅរុះរើចេញដោយមិនអាចលើកលែងបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments