ប៉ៃលិន ៖ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរអណ្ដូង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាសិស្សសាលា ពាក់ព័ន្ធករណីលួចម៉ូតូក្នុងវិទ្យាល័យ ខណៈជនរងគ្រោះទុកនៅក្នុងសាលារៀន។
ហេតុការណ៍ណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងវិទ្យាល័យសាលាក្រៅ ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកអនុសេនីយ៍ឯក រី តារា អធិការស្ដីទីស្រុកសាលាក្រៅ បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ដឿក ទ្រុង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅថា មានករណីបាត់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ១A ៩៣៤០ប៉ៃលិន នៅចំណុចសាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ រួចមក លោកក៏បានដាក់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរអណ្ដូង បើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យករណីខាងលើ។
លោកអធិការស្តីទីបានបន្តថា ក្រោយពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតនេះ នៅវេលាម៉ោង ១៧ល្ងាចថ្ងៃដដែល កម្លាំងលោកក៏បានឈានដល់កំណត់មុខសញ្ញា ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហួរ តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិវឌ្ឍនៈ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបច្ចុប្បន្ន មានទីលំនៅភូមិអូរច្រារលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយភ្ជាប់នឹងវត្ថុតាងម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការនគរបាលខេត្តចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments