ភ្នំពេញ ៖ ដោយសារតែភាពរឹងរូសរបស់ប្រជាពលរដ្ឋដែលតែងរំលោភយកចិញ្ចើមផ្លូវដាក់ឥវ៉ាន់នោះ គឺធ្វើឲ្យលោកនាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះទៅរឹបអូសយកមកទីស្នាក់ការជាបណ្តោះអាសន្ន ព្រោះបើគ្រាន់តែទៅណែនាំ គឺមិនខុសពីវែកចកកណ្តាលបឹងនោះទេ។
ជាក់ស្តែងកាលពីថ្ងៃទី២៩និង៣០ខែមករានេះ លោកឯម សុភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានដឹកនាំកម្លាំងចុះទៅរឹបអូសយកឥវ៉ាន់ដែលប្រជាពលរដ្ឋដាក់លក់លើបណ្តោយផ្លូវវេងស្រេង ចាប់ពីប្រទល់ខណ្ឌពោធិ៍សែនជ័យ មកដល់ច្រមុះជ្រូកស្ទឹងមានជ័យ។
លោកនាយប៉ុស្តិ៍បានប្រាប់កម្ពុជាថ្មីថា ការចុះអនុវត្តន៍កិច្ចការរៀបចំសណ្តាប់ធ្នាប់នេះគឺលោកបានគោរពតាមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកពេជ្រ កែវមុនី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និង លោកវរសេនីយ៍ឯកតេង ស៊ីណូ អធិការនគរបាលខណ្ឌ។
ក្នុងការរៀបចំសណ្តាប់ធ្នាប់នេះ គឺអាជ្ញាធរសង្កាត់និងថ្នាក់ខណ្ឌបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលតែងរំលោភយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ គឺញឹកញាប់ណាស់ ប៉ុន្តែពួកគាត់មិនស្តាប់ទើបតែថ្ងៃនេះ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ប្រើធម៌ក្តៅរឹបអូសយកឥវ៉ាន់ដែលដាក់លក់លើផ្លូវមករក្សាទុកនៅទីស្នាក់ការជាបណ្តោះអាសន្នហើយនិងប្រគល់ជូនវិញនៅពេលណាដែលពួកគាត់ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរផ្តិតមេដៃជាមុនសិនថា បញ្ឈប់ការដាក់លក់លើផ្លូវទើបប្រគល់ជូនវិញ។
លោកនាយប៉ុស្តិ៍បន្តថា បើសិនជាសមត្ថកិច្ចមិនរឹបអូសឥវ៉ាន់ របស់គាត់មកទីស្នាក់ការនោះទេ គឺច្បាស់ជាពួកគាត់នៅបន្តលក់ដដែលហើយបង្កឲ្យមានកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃប៉ុន្តែពួកគាត់មិនឈឺក្បាលវិលមុខនោះទេហើយរឹតតែបំពានទៀតផង៕
Source: Kampuchea Thmey Daily
0 Comments