ភ្នំពេញ ៖ លោក រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកឯកជនដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវ និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ស្ថិតនៅឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោយពីកសិករផ្ទុះការតវ៉ាកាលពីថ្មី នេះ។
ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្ត្រី នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ លោកស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធាន និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យស្ថានីយបូមទឹកឯកជនមួយកន្លែង ដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវ តាំងពីឆ្នាំ២០០៤ និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅសាលាឃុំ ដែលបានផ្ទុះការតវ៉ាជាមួយអ្នកផ្គត់ផ្គង់ទឹកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
តាមរយៈការជួបសំណេះសំណាលជាមួយលោកអភិបាលស្រុក មេឃុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ភាគីអ្នកផ្គត់ផ្គង់ទឹក និងបងប្អូនប្រជាកសិករ នារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ បានឯកភាព និងព្រមព្រៀងដូចខាងក្រោម - អ្នកផ្គត់ផ្គង់ទឹក ត្រូវរៀបចំកិច្ចសន្យាផ្ដល់សេវាកម្មទឹកឡើងវិញ ដោយមានការទទួលស្គាល់ពីអភិបាលស្រុក អាជ្ញាធរដែនដី និងមន្ទីរជំនាញ។ - បងប្អូនប្រជាកសិករបានយល់ស្របតាមអនុសាសន៍ណែនាំ និងលើកឡើងដោយឯកឧត្តមប្រធានអង្គប្រជុំ នឹងព្រមទទួលយកសេវាកម្មផ្គត់ផ្គង់ទឹកបន្តស្របទៅតាមកិច្ចសន្យាថ្មី។ - ចំពោះតម្លៃនៃការផ្ដល់សេវាកម្មផ្គត់ផ្គង់ទឹក ត្រូវមានការពិភាក្សា និងឯកភាពគ្នារវាងអ្នកផ្គត់ផ្គង់ និងប្រជាកសិករ។
ចុងបញ្ចប់បងប្អូនប្រជាកសិករបានសំដែងនូវសេចក្តីសប្បាយរីករាយ ចំពោះវត្តមានថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរ ព្រមទាំងលោកអភិបាលស្រុក និងអាជ្ញាធរដែនដីដែលបានយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហា និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments