យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) សម្រេចតែងតាំងអ្នកគ្រូ ឈឺន នីផា អ្នកគ្រូបង្វឹកក្រុមកីឡាករអាយុក្រោម១៥ភ្នំពេញក្រោនឲ្យធ្វើជាគ្រូបង្គោលដឹកនាំក្រុមនារីជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ដើម្បីចេញទៅប្រកួតលើឆាកអន្តរជាតិ។
មូលហេតុដែលស.ប.ក សម្រេចតែងតាំងគ្រូបង្វឹកថ្មីនេះគឺដើម្បីចូលរួមប្រកួតក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមនាចុងខែកុម្ភៈខាងមុខនេះ។ ក្លិបបាល់ទាត់ភ្នំពេញក្រោន ផ្ទាល់បានជូនដំណឹងដល់អ្នកគ្រូ ឈឺន នីផា ឲ្យទទួលបានភាពជោគជ័យក្នុងការដឹកនាំក្រុមនារីកម្ពុជា និងសម្រេចបានភារកិច្ចនានាជាមួយ។
អតីតកីឡាការិនីក្នុងក្រុមជម្រើសជាតិកម្ពុជារូបនេះបានចាប់ផ្តើមលេងបាល់ទាត់នៅអាយុ ១៣ឆ្នាំ(២០០៨) គឺអំឡុងពេលដែលខ្ញុំរស់នៅខេត្តបាត់ដំបង។ ក្រោយមកនៅឆ្នាំ២០១១ ក៏បានផ្តើមរៀនធ្វើជាគ្រូបង្វឹក និងរហូតដល់ឆ្នាំ២០១៥ ក៏បានដាក់ពាក្យចូលធ្វើការនៅក្លឹបបាល់ទាត់ភ្នំពេញក្រោន។ ក្រោយពីការសម្ភាសន៍ និងធ្វើតេស្តចំណេះដឹងផ្សេងៗហើយក្លិបបានជ្រើសរើសឲ្យធ្វើការព្រមទាំងអាចឆ្លងកាត់ និងទទួលបានឱកាសដ៏ល្អពីភ្នំពេញក្រោន។
កញ្ញា ឈឺន នីផា ក៏ធ្លាប់លេងឱ្យក្រុមជម្រើសជាតិនារីអាយុក្រោម ១៤ និង១៦ឆ្នាំ ព្រមទាំងធ្លាប់ធ្វើជាគ្រូជំនួយក្រុមជម្រើសជាតិនារីក្រោមអាយុ១៤ឆ្នាំ ចំនួន២ឆ្នាំជាប់គ្នាផងដែរពោលគឺនៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ កន្លងមក។ កាលពីឆ្នាំ២០១៧ កន្លងទៅ រូបគេបានក្លាយជាបេក្ខភាពតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី AFC Women’s Tutors Course នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលត្រូវបានរៀបចំជាលើកដំបូងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែម ក៏ដូចជាផ្សព្វផ្សាយនូវទេពកោសល្យរបស់ក្រុមគ្រូបង្វឹកស្ត្រីដើម្បីជំរុញឲ្យពួកគេក្លាយជាគ្រូបង្វឹកបាល់ទាត់ប្រកបដោយវិជ្ជាជីវៈខ្ពស់ពោរពេញដោយភាពជាអ្នកដឹកនាំ និងជាគំរូក្នុងសកម្មភាពអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅតំបន់អាស៊ី។
ក្រៅពីកំពុងដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំរបស់ភ្នំពេញក្រោន កញ្ញា កំពុងសិក្សានៅសាកលវិទ្យាល័យ Western ឆ្នាំទី២ ឆមាសទី១ ថែមទៀតផង។ ទន្ទឹមនឹងគ្នានេះដែរកញ្ញា នីផា កំពុងកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក AFC B-licence ហើយកំពុងតែបន្តការសិក្សាយកអាជ្ញាប័ណ្ណAFC A- license នៅដើមឆ្នាំ២០១៩នេះ។ សម្រាប់គោលដៅអនាគតវិញ កញ្ញាប្រាថ្នាចង់ក្លាយជាគ្រូបណ្តុះបណ្តាលបាល់ទាល់ ទាំងក្នុង និងក្រៅប្រទេស៕
Source: Kampuchea Thmey Daily
0 Comments