ខ្សែការពារឆ្វេង កែ លីហេង ជាកីឡាករម្នាក់ក្នុងចំណោម៥នាក់របស់ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) កោះហៅចូលរួមធ្វើតេស្តហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) កម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 បានបាត់បង់ឱកាសដោយសារបញ្ហារបួសជង្គង់ខាងស្តាំផ្នែកខាងក្រៅ។
យោងតាមសេចក្តីបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះបានបញ្ជាក់ថា របួសជង្គង់ខាងស្តាំនេះបានកើតមានឡើងចំពោះកីឡាករវ័យ២០ឆ្នាំខាងលើ អំឡុងពេលជំនួបមិត្តភាពយកឈ្នះ អង្គរថាយហ្គឺរ ៩ទល់៣ កាលពីថ្ងៃទី ១១ មករា កន្លងទៅ។ បើយោងតាមសម្តីរបស់គ្រូពេទ្យផ្ទាល់របស់ក្លិបកីឡាកររូបនេះត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់២សប្តាហ៍ទៀត ទើបជាសះស្បើយវិញ។
គួររំលឹកថា កីឡាករ៥រូបរបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលត្រូវបានស.ប.ក កោះហៅឲ្យចូលរួមក្នុងក្រុម U22 កម្ពុជានោះមានដូចជា គន្ធា រ៉ាវ៉ាន់, ត្រាយ វិចិត្រ, កែ លីហេង, គឹម សុខយុទ្ធ និង ឃៀង ម៉េងហួរ ដើម្បីត្រៀមចូលរួមហ្វឹកហាត់ចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 ពីថ្ងៃទី ១៧ កុម្ភៈ ដល់ថ្ងៃទី ២ មីនា ដែលជាគ្រាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ផ្ទាល់តែម្តង។ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១ របស់ក្រុម U22 កម្ពុជា បានចាប់ផ្តើមពីថ្ងៃទី ២៦ ខែ មករា រហូតដល់ថ្ងៃទី ២ ខែ កុម្ភៈ។
យ៉ាងហោចណាស់មានកីឡាករ ៥៤នាក់ ត្រូវបានស.ប.ក កោះហៅឲ្យក្រុម U22 កម្ពុជា មុនជម្រុះនៅសល់ត្រឹម២៣នាក់ មុនយុទ្ធនាការប្រកួតពានរង្វាន់អន្តរជាតិមកដល់ ខណៈក្រុមនេះត្រូវដឹកនាំដោយលោក Felix Agustin Dalmas ដែលជាគ្រូបង្វឹកជនជាតិអាហ្សង់ទីន កំពុងដឹកនាំក្រុមធំជម្រើសជាតិកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments