ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសថា នឹងមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលមកស្រែកដូរមិនដូរៗ ស្រេចតែចិត្តទៀតនោះទេ ពីព្រោះគ្រប់ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺសុទ្ធតែបង្ហាញពីគោលបំណងយ៉ាងពិតប្រាកដ ក្នុងការបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបំផ្លិចបំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសប្បាយ ក្នុងសុខសន្តិភាព និងស្ថេរភាពពេញបរិបូរ។
ការប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅបរទេសនោះ កាលពីថ្ងៃទី២៥ ខែមករា បានធ្វើសេចក្តីអំពាវនាវមួយដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យស្តាប់បញ្ជាសម្តេចនាយករដ្ឋមន្ត្រី ដោយសំអាងថា សម្តេចតេជោជាជនផ្តាច់ការ ហ៊ុន សែន ជាជនផ្តាប់ការ ដោយសារតែបានបានណែនាំកងកម្លាំងប្រដាប់អាវុធ ឲ្យចាប់ខ្លួនលោក នៅពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះ។
មានប្រសាសន៍នៅចំពោះមុខមេទ័ពកំពូលរបស់កម្ពុជា និងសេនានុព័ន្ធយោធា នៃបណ្តាប្រទេសជាមិត្ត និងនាយទាហានជាង១០០០នាក់ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ បានបានធ្វើឡើងថា យើងត្រូវប្រឆាំងយ៉ាងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលជារឿយតែងតែអំពាវនាវឲ្យកងទ័ព បះបោរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត និងមានមានការគាំទ្រពីប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស។
សម្តេចពិជ័យសេនាបញ្ជាក់យ៉ាងនេះថា កុំតែចូលមកបានហើយ ប្រាប់ឲ្យហើយ គឺថាប្តូរផ្តាច់...ប្តូរបានតែនៅកន្លែងមួយចំនួន តែមកប្តូរនៅកម្ពុជា គឺអត់បានទៀតទេ វាហួសហើយ មិនមែនមកដូរៗ ម្តងនេះ គឺមិនបានទេ”។
តាមសម្តេចពិជ័យសេនា ទៀ បាញ់ គ្រប់ទង្វើរបស់ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង គឺសុទ្ធតែបង្ហាញពីគោលបំណងយ៉ាងពិតប្រាកដ ក្នុងការបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងតែសប្បាយ រីករាយជាមួយសន្តិភាព ដែលរកបានដោយលំបាកពីសំណាក់មគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនមាតុភូមិ ដ៏កម្សត់មួយនេះ ឱ្យទទួលបាននូវស្ថានភាពដូចសព្វថ្ងៃនេះផងដែរ។
ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញភាពអាក់អន់ស្រពន់ចិត្តជាមួយបណ្តាប្រទេសមួយចំនួនដែលជឿលើការញុះញង់ពីសំណាក់ទណ្ឌិត សម រង្ស៊ី ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជាជាច្រើនថា ជាជនផ្តាច់ការ បំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ព្រមទាំងគាបសង្កត់ការបញ្ចេញមតិ ជាពិសេសទណ្ឌិតរូបនេះ បានដើរអំពាវនាវឲ្យបរទេសកាត់ផ្តាច់ជំនួយ គាបសង្កត់ការនាំចេញអង្ករពីកម្ពុជា និងផលិតផលនាំចេញជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានធ្វើសេចក្តីអំពាវនាវមួយដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យស្តាប់បញ្ជាសម្តេចនាយករដ្ឋមន្ត្រី ដោយសំអាងថា សម្តេចតេជោជាជនផ្តាច់ការ ហ៊ុន សែន ជាជនផ្តាប់ការ ហើយការអំពាវនាវនោះបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមេទ័ពកំពូលៗ និងបានអះអាងថា កងទ័ពស្ម័គ្រស្មោះចំពោះរាជរដ្ឋាភិបាលជានិច្ច និងស្តាប់រាល់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ជានិច្ច ដូច្នេះពូជក្បត់ជាតិ បំផ្លាញជាតិ ដូចលោក សម រង្ស៊ី ជាគ្មាននរណាស្តាប់តាមការអំពាវនាវនោះទេ៕
Source: Kampuchea Thmey Daily
0 Comments