Ad Code

ក្មេង​ប្រុស​ម្នាក់​ បាន​ស្លាប់​ និង​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ ខណៈ​​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ



រតនគិរី​ ៖​ ក្មេង​ប្រុស​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ ​និង​ម្នាក់ទៀត​ បាន​រង​របួស​ធ្ងន់​ ខណៈ​​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​កំពុង​ធ្វើ​ចរាចរ​បញ្ច្រស​ទិស​គ្នា​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃ​អង្គារ​ ៩​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​កន្លងទៅ លើ​​កំណាត់​ផ្លូវជាតិ​លេខ​៧៨​ចំណុច​ចុះ​​ទួល​អូរ​ត្រាវ ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង។

លោក មឿង សារិទ្ធ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ព​ណ៌​ស គ្មាន​ស្លាក​លេខ​មុខក្រោយ ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ​ហើយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាកហ៊ីយ៉ាន់​ដាយ (​ផ្លូវ​២) ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាក​លេខ ពោធិ៍សាត់​៣A-០៣៨៧ ដឹក​ដំឡូង​មី​ពីកើតទៅ​លិច​ លុះ​មកដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី​១E-២៣៥៩ បើកបរ​ពី​កើតទៅ​លិច បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​អ្នករួមដំណើរ​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បង្ក​ទាំងពីរ​គ្រឿង​បាននាំគ្នា​ចុះ​រត់គេចខ្លួន​បាត់អស់​និង​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​។​

​លោក មឿង សារិទ្ធ បាន​បន្តថា ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ពើ យូ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ ភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី មុខរបរ​សិស្ស ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ អ្នក​រួម​ដំណើរ​មានឈ្មោះ បាក់ សេ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ទំ​ពួ​ន មាន​ទីលំនៅ​ភូមិ​/​ឃុំ​ជាមួយគ្នា មុខរបរ​សិស្ស ​របួស​ធ្ងន់​បាក់​ជើង​ខាងស្តាំ​។​

​ក្រោយពេល​កើត​ហេតុ​​ ជនរងគ្រោះ​ត្រូវបាន​អ្នក​ធ្វើដំណើរ​​ដឹក​តាម​រថយន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​
ដោយឡែក​ សព​ត្រូវ​បាន​រថយន្ត​ចរាចរណ៍​ខេត្ត​ដឹក​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​បច្ចុប្បន្ន​មធ្យោបាយ​ទាំងបី​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រឹបអូស​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu