ភ្នំពេញ ៖ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប នៅសាលសន្និសីទរបស់ គ.ជ.ប ហើយអ្នកចូលរួម មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងព្រឹទ្ធសភា និងរដ្ឋសភា តំណាងក្រសួងពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន និងតំណាងស្ថាប័ន សារព័ត៌មានជាតិ និងអន្តរជាតិ។
ថ្លែងទៅកាន់អង្គប្រជុំ លោក នុត សុខុម លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាការបោះឆ្នោតអសកល តាមប្រព័ន្ធសមាមាត្រ ដែលមានសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៅក្នុងមុខតំណែងជាអ្នកបោះឆ្នោត ដូច្នេះត្រូវអ្នកបោះឆ្នោតត្រូវបោះពីរដង ក្នុងពេលតែមួយ ដោយប្រើសន្លឹកឆ្នោតពីរប្រភេទផ្សេងគ្នា គឺសន្លឹកឆ្នោតប្រភេទទី១ មានផ្ទៃពណ៌លឿង (ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសន្លឹកឆ្នោតប្រភេទទី២ មានផ្ទៃពណ៌ស ប្រើសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត។ លោកបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ត្រូវបានរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
តាមលោក នុត សុខុម ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
ដំណាក់កាលសំខាន់ៗនៃការបោះឆ្នោតក្រុមប្រឹក្សា រួមមាន ទី១, ដំណាក់កាលចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត យោងតាមប្រតិទិនរបស់ គ.ជ.ប គឺចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិកសរុបចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស។ ការចុះឈ្មោះត្រូវអនុវត្តតាមរបៀបស្រង់ ឈ្មោះនៅតាមឃុំ សង្កាត់ និងបញ្ជូនតាមឋានានុក្រមមក គ.ជ.ប។
ទី២, ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ៖ គឺមានរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ។
ទី៣, ដំណាក់កាលឃោសនាបោះឆ្នោត៖ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានរយៈពេល ៨ថ្ងៃ គឺត្រូវបានកាត់បន្ថយ ដែលកាលពីអាណត្តិទី១ និងអាណត្តិទី២ ការឃោសនាបោះឆ្នោតមានរយៈពេល១៥ថ្ងៃ។
ទី៤, ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។
ទី៥, ការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត។
លោក នុត សុខុម បញ្ជាក់ដែរថា នៅអាណត្តិទី១ (២០០៩) ឃុំ សង្កាត់ មានចំនួន១៦២១ ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន១១៣៥៣នាក់, រាជធានី ខេត្តទូទាំងប្រទេសមានចំនួន២៤, ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសមានចំនួន១៩៣ ហើយអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៣៧៤, អាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន២៨៦១។ ដោយឡែកនៅឆ្នាំ២០១១ គ.ជ.ប បានរៀបចំបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ដែលមានក្រុមប្រឹក្សាចំនួន១៩រូប។
នៅអាណត្តិទី២ (២០១៤) ឃុំ សង្កាត់ មានចំនួន១៦៣៣ ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន១១៤៥៩នាក់, រាជធានី ខេត្ត ទូទាំងប្រទេសមានចំនួន២៥, ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសមានចំនួន១៩៧ ហើយអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៣៩៣, អាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន២៩៣១។
នៅអាណត្តិទី៣ (២០១៩) ឃុំ សង្កាត់ មានចំនួន១៦៤៦ ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន១១៥៧២នាក់, រាជធានី ខេត្ត ទូទាំងប្រទេសមានចំនួន២៥, ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសមានចំនួន២០៣ ហើយអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៥៥៩, អាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន៣៥៥៥។
ជាមួយគ្នានោះ លោក នុត សខុម បានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ សូមត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ។ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមលេខ ៧៧ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments