Ad Code

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ



សៀមរាប ​៖ ​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​មមាញឹក​ក្នុង​ការ​ជួសជុល និង​កែលម្អ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​តំបន់​អង្គរ​ឲ្យ​មាន​ភាព​ល្អប្រសើរ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​បម្រើ​ផលប្រយោជន៍​ទូទៅ​ផ្សេងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។



​ជាក់ស្តែង កំណាត់​ផ្លូវ​កូ​ម៉ៃ​ចាប់ពី​ចំណុច​ផ្លូវកែង​សួន​គ្រឿងទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឆ្ពោះទៅ​ប្រាសាទ​អង្គរ ត្រូវបាន​ជួសជុល និង​កែលម្អ​ឡើងវិញ ​ហើយដោយ​អ៊ុត​កៅស៊ូ​បេ​ទី​ម ដែលមាន​គុណភាព​ខ្ពស់ និង​ប្រើប្រាស់​ជាប់​បានយូរ​។ រហូតមកដល់​ថ្ងៃ​២៩ ខែមករា ឆ្នាំ​២០១៩ ការដ្ឋាន​ជួសជុល​បានសម្រេច​បាន​១០០​ភាគរយ​ហើយ​លើ​ប្រវែង ១២០០​ម៉ែត្រ​។



​រីឯ​កំណាត់​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ ពី​ចំណុច​ស្វាយ​ធំ​ឆ្ពោះទៅ​ភូមិ​ព្រះ​ដាក់ ដែល​រង​ការខូចខាត​ខ្លាំង​និង​បាន​ជួសជុល​ផ្នែក​ខ្លះ ក៏​កំពុង​ទទួលបាន​ការជួស​ជុល​និង​កែលម្អ​បន្ថែមទៀត​រហូតដល់​ត្រង់ចំណុច​រង្វង់​មូល​ដំរី​ស្ថិត​ក្នុងភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ហើយ​ការជួសជុល​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។



ដោយឡែក កាលពី​ចុងឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​រួចរាល់​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន ដោយបាន​ពង្រីក​ទទឹង​ផ្លូវ​រហូតដល់​១០​ម៉ែត្រ ចាប់ពី​ចំណុច​ស្ពាន​នាគ​រហូតដល់​រង្វង់​មូល​អប្សរា​។



នេះ​ជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាននឹងកំពុង​រំលេច​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណជន ក៏ដូចជា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu