ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទស្សនិកជននិយមហៅកាត់ថាប៉ូលិសសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) នឹងរៀបចំសន្និសីទសារព័ត៌មានមួយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ដើម្បីបង្ហាញសមាសភាពសំខាន់ៗដើម្បីត្រៀមខ្លួនប្រកួតក្នុងរដូវកាលថ្មីខាងមុខ។ នេះបើតាមការប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់ក្លិបកាលពីពេលថ្មីៗ។
បើតាមប្រភពជិតស្និទ្ធនឹងក្លិបមួយនេះ បានបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះនឹងបង្ហាញពីសមសភាពកីឡាករ គ្រូបង្វឹក និងអ្នកចាត់ការទូទៅរបស់ក្លិប។ ក្រៅពីនោះក្លិបក៏មានផែនការបង្ហាញពីគម្រោងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនផងដែរ។ នៅមិនទាន់មានដំណឹងច្បាស់ការណ៍ណាមួយបន្ថែមលើសពីនេះនោះទេ ក្នុងការបង្ហាញសមសភាពរបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈចំពោះកៅអីគ្រូបង្វឹកវិញគេធ្លាប់បានឃើញលោក ប្រាក់ សុវណ្ណារ៉ា ចូលដឹកនាំក្រុមនេះបានមួយរយៈពេលហើយផងដែរ។
ប្រភពក្រៅផ្លូវការមួយបានឲ្យដឹងថា ក្លិបមួយនេះតែលតោលក្រោយការចាកចេញរបស់លោក អ៊ុង កងយ៉ានិត ខណៈលោក ពាស សុធី ដែលចូលមកដឹកនាំជំនួសត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ីពិន័យ ហើយការចាកចេញរបស់លោក នុត សូនី ក៏ជាចំណុចអវិជ្ជមានមួយសម្រាប់ក្រុមដែលជាបន្ទុកនេះធ្លាក់មកលើលោក សារ៉េត ស៊ីដន ជាគ្រូជំនួយប្រចាំក្រុម។ យ៉ាងណាក្តីអ្វីៗនៅក្នុងអាថ៌កំបាំងនៅឡើយ ដោយរង់ចាំការប្រកាសជាផ្លូវការរវាងភាគីទាំង២ប៉ុណ្ណោះ។
កាលពីរដូវកាលមុន ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ បានខ្ចីកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ហើយក្រុមនេះធ្វើមិនសូវបានល្អនោះទេ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រោយប្រកួតសន្សំពិន្ទុបាន២២លើក ឈ្នះបាន៧លើក ស្មើគ្នាបាន៤លើកនិងចាញ់១១លើក តែឈរចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២ក្លិប។ ប៉ុន្តែតែពួកគេធ្វើបានយ៉ាងល្អវិញក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ដោយទទួលបានជើងឯករង បន្ទាប់ពីប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ក្នុងវគ្គផ្តាច់ព្រាត់ដោយលទ្ធផល៣ទល់០៕
Source: Kampuchea Thmey Daily
0 Comments