Ad Code

ជិះ​ម៉ូតូ​យក​ជើង​ជ្រែង​ទប់​ពេល​ស្ទះ​ចរាចរណ៍ ​ត្រូវ​រ៉ឺម៉ក​ដឹក​ដែក​កិន​ជើង​បាក់​ម្ខាង



ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​រងរបួស​បាក់​ស្នង​ជើង​ស្តាំ​ធ្ងន់ធ្ងរ ខណៈដែល​កំពុង​ជិះ​ម៉ូតូ​លើផ្លូវ​បេតុង​កំពុង​កកស្ទះ គ្រាន់តែ​ដាក់​ទម្លាក់​ជើង​ជ្រែង​ទប់​ម៉ូតូ​ក៏ ប៉ះចំ​កង់​រ៉ឺម៉ក​ដឹក​ដែក​ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​កិន​តែម្តង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩​នៅតាម​ផ្លូវ​បេតុង​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ជនរងគ្រោះ​ឈ្មោះ ចាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៦ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-4884។



តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ក្នុង​គោលបំណង​ឆ្ពោះទៅ​កន្លែងធ្វើការ​ងារ បើកបរ​ធ្វើដំណើរ​កាត់​តាមផ្លូវ​បេតុង​ខាងលើ ពី​កើ​តទៅ​លិច ខណៈដែល​ស្ថានភាព​កំណាត់​ផ្លូវ​កំពុង​កកស្ទះ​ចរាចរណ៍ ជនរងគ្រោះ បាន​ទម្លាក់​ជើង​ស្តាំ​ចេញពី​ឈ្នាន់​ដើម្បី​ទប់​ជ្រែង​ម៉ូតូ​កុំ​ឲ្យ​ដួល គាប់​ជួន​ពេលនោះ ប៉ះចំ​កង់​រ៉ឺ​ម៉ក​ដឹក​ដែក ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា នៅ​ខាងស្តាំ​ម៉ូតូ​ជនរងគ្រោះ​ស្រាប់ បណ្តាល​ឲ្យ​កិន​បាក់​ស្នង​ជើង​ស្តាំ​តែម្ដង​។



ក្រោយ​កើតហេតុ ភាគី​សាច់ញាតិ​ក្រុមគ្រួសារ ខាង​ជនរងគ្រោះ មកដល់​កន្លែងកើតហេតុ ទើប​ដឹងថា ទាំង​ជនរងគ្រោះ ទាំង​អ្នកបើកបរ​រ៉ឺម៉ក​ដឹក​ដែក ជា​អ្នក​ស្គាល់គ្នា ទើប​សុំ​ប៉ូលិស ទៅ​រៀងខ្លួន ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​តាម​ម៉ូតូ​កង់​បី​យកទៅ​មន្ទីរពេទ្យ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu