Ad Code

ឃុន ឌី​ម៉ា និង​សេន កុសល ជួប​កីឡាករ​ថៃ ខណៈ​ធើ​ន ធី ជួប​កីឡាករ​ព័រ​ទុយ​ហ្គា​ល់​



ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ឃុន ឌី​ម៉ា អ្នក​ប្រដាល់​របស់​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​ថៃ​ក្រៀ​ង​ក្រៃ ត​.​សិលា​ឆ័យ ខណៈ​កីឡាករ ​សេន កុសល អ្នក​ប្រដាល់​មកពី​ក្លឹប​មោង​ឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​កីឡាករ​ថៃ​ស៊ែ​ន​សាក់ ប៉​.​យុទ្ធភូមិ រីឯ​កីឡាករ​ធើ​ន ធី អ្នក​ប្រដាល់ នៃ​ក្លិប​អង្គ​មានជ័យ​ខេត្តសៀមរាប ជួប​កីឡាករ​មកពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​Antonio Alberto នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

កីឡាករ​ឃុន ឌី​ម៉ា ​ជើង​ខ្លាំង​មកពី​ខេត្តបន្ទាយមានជ័យ ត្រូវគេ​កត់សម្គាល់ថា ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់​នៅលើ​សង្វៀន​ប្រដាល់​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​គេ​ធ្លាប់​ឈ្នះ​មេដាយមាស​កីឡាករ​ស៊ី​ហ្គេម​កន្លងមក​ទៀតផង​។ អញ្ចឹង​ហើយ​ ទើប​អ្នក​ស្នេហា​កីឡាប្រដាល់​ភាគច្រើន​កំពុង​នាំគ្នា​យល់ថា ឃុន ឌី​ម៉ា គេ​ជា​កីឡាករ​ដែលមាន​សក្ដានុពល ហើយ​មាន​សមត្ថភាព​គួរឲ្យ​សរសើរ ដោយ​ម្នាក់ៗ​ហាក់​សម្ដែង​នូវ​ទំនុកចិត្ត​ចង់​ទស្សនា​យ៉ាងខ្លាំង​នៅ​គ្រប់​ពេល​កីឡាករ​រូប​នេះ​ឡើង​រេញ​ម្តងៗ​នោះ​។​

ក្នុង​ការជួប​ជាមួយ​កីឡាករ​ថៃ​ក្រៀ​ង​ក្រៃ ត​.​សិលា​ឆ័យ ក៏​ត្រូវបាន​អ្នកទស្សនា​លើក​ឡើង​ថា មាន​ភាគ​រយ​ឈ្នះ​ច្រើន​លើ​កីឡាករ​ថៃ​ទៀត​ផង ព្រោះ​ឃុន ឌី​ម៉ា ចេះ​ក្បាច់​គ្រប់​ស្នៀត ហើយ​វាយ​មិន​ច្រឡោត​នោះទេ​។ ចាំមើល​រវាង​ឃុន ឌី​ម៉ា និង​កីឡាករ​ថៃ​ក្រៀ​ង​ក្រៃ ត​.​សិលា​ឆ័យ នរណា​ជា​អ្នកឈ្នះ​?​។​

ចំណែក​កីឡាករ​សេន កុសល ត្រូវ​ជួប​កីឡាករ​ថៃ​ស៊ែ​ន​សាក់ ប៉​.​យុទ្ធភូមិ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក តែ​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ច្រើនលើក​មកហើយ​ដែរ ស្នៀត​ខ្លាំង​របស់​គេ​ គឺ​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្ដួល​។​

រីឯ​សេន កុសល កាល​ទើប​លេច មុខ​ដំបូង ហាក់ដូចជា វ៉ៃ​បាន​គ្រាន់បើ តែមួយ​រយៈ​នេះ គេ​ហាក់​ដូច​ជា ស្រុតចុះ​ច្រើន ដោយ​គេ​ឆាប់​ស្រុត​កម្លាំង​គឺ​ចាប់ពី​ចុង​ទឹក​ទី​៣ ទៅ​កម្លាំង​របស់គេ​ធ្លាក់ចុះ​ខ្លាំង​តែ​ម្ដង​ដែល​នេះ​បង្ហាញថា​ការហ្វឹកហាត់ របស់គេ​មិនបាន​គ្រប់គ្រាន់​។​ ចាំមើល​ការប្រកួត​នេះ​សេន កុសល ជា​អ្នកឈ្នះ ​ឬ​កីឡាករ​ថៃ​ស៊ែ​ន​សាក់ ប៉​.​យុទ្ធភូមិ​?​។​

ដោយឡែក ​កីឡាករ​ ធឿន ធី ត្រូវ​ជួប​ជាមួយ​កីឡាករ​មកពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​Antonio Alberto ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ​ ធឿន ធី ជា​កីឡាករ​ជើង​ថ្មី​ទើប​និង​ឡើង​កូដ ស្នៀត​ខ្លាំង​របស់គេ​ គឺ​កណ្ដាប់ដៃ និង​កែង ដែល​អាច​វាយ​ចេញ​រហ័ស​ហើយ​ចំ​គោល​ដៅ កីឡាករ​ជើង​ថ្មី និង​ជើងចាស់​ជាច្រើន​នាក់​ដែល​គេ​បាន​យកឈ្នះ ហើយ​បាន​ឡើង​មក​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​បែបនេះ​។​

ការប្រកួត​នេះ ​ត្រូវ​បាន​អ្នក​តាមដាន​ប្រដាល់​លើកឡើងថា រវាង​កីឡាករ ​ធឿន ធី និង​កីឡាករ​មកពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​Antonio Alberto ការ​ឈ្នះ​ចាញ់​មាន​ត្រឹម​ហាសិប​ភាគរយ​ម្នាក់​ប៉ុណ្ណោះ ព្រោះ​ពួកគេ​មិនដែល​ជួបគ្នា ណាមួយ​កីឡាករ​កម្ពុជា ជា​កីឡាករ​ជើង​ថ្មី​កម្លាំង​ស៊ុ​ហ្វ​ក៏​នៅ​មិនទាន់​ពេញ​ដូច​អ្នក​ប្រដាល់​ដែលមាន​បទពិសោធន៍​ជោកជាំ ​និង​សង្វៀន​ដែរ​។ ចាំមើល​រវាង កីឡាករ​កម្ពុជា ​ធឿន ធី និង​កីឡាករ​មកពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​Antonio Alberto នរណា​ជា​អ្នកឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​?៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu