កែប ៖ បុរស ដែលជាមន្ត្រីនគរបាលខេត្តកែបម្នាក់ បានបាញ់សម្លាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែមានជំងឺប្រចាំកាយមើលមិនជា។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចព្រះរាជដំណាក់ស្តេច ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនកើតជាបញ្ហាដូចខាងលើ ជនរងគ្រោះបានយកកាំភ្លើងរបស់ខ្លួនប្រភេទAK47 ស្វាយបត់ អាមេចំនួនពីរដង រួចក៏បាញ់សំដៅបំពង់កខ្លួនឯងធ្លាយទៅក្រោយ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ប្រភពបានបន្តថា ជនរងគ្រោះមាន ឈ្មោះ ឌៀប មៀន ភេទប្រុស អាយុ៤៩ឆ្នាំ មុខងារជានគរបាលខេត្តកែប មានប្រពន្ធ ឈ្មោះ ជ័យ មាន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ។
ក្រោយពីបង្កភាពចលាចល ក្នុងករណីបាញ់សម្លាប់ខ្លួនឯងនេះ សមត្ថកិច្ចជំនាញ ក៏បានចុះមកពិនិត្យធ្វើកោសល្យវិច័យសព ដោយបានបញ្ជាក់អះអាងថា បុរសរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងយ៉ាងពិតប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ សពបុរសរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ស្រុកកំណើត ស្ថិតក្នុងភូមិកែអង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីប្រគល់ជូនទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments