កំពង់ឆ្នាំង ៖ ដីស្រែជាង២០ហិកតាខ្វះទឹក និងជាង២ហិកតាទៀត បានងាប់ ដោយសារខ្វះទឹក ប្រជាពលរដ្ឋភូមិទួលរកា និងភូមិទួលធ្លក ឃុំមេលំ ស្រុកបរិបូណ៌ កំពុងបូមទឹកពីស្ទឹងដាក់ចូលក្នុងប្រឡាយ ប៉ុន្តែខ្វះខាតប្រេងម៉ាស៊ូតចាក់ម៉ាស៊ីនបូមទឹក ដោយស្នើសុំមន្ទីរធនធានទឹកខេត្តជួយផ្តល់ប្រេង ឬម៉ាស៊ីនបូមទឹកជូនពួកគាត់ផង។
នៅព្រឹកថ្ងៃទី៣០មករា ប្រជាកសិករ ឈ្មោះ អេង សំណាង និង ឈ្មោះ អាត់ សុភា តំណាងឲ្យប្រជាពលរដ្ឋភូមិទូលរកា និងភូមិទួលធ្លក កំពុងប្រើប្រាស់គោយន្ត២គ្រឿងបូមទឹក នៅចំណុចស្ទឹងក្រានដែក ក្នុងភូមិទួលរកា បាននិយាយឲ្យដឹងថា ក្នុងពេលនេះ ដីស្រែរបស់ប្រជាពលរដ្ឋជាង២០ហិកតា ក្នុងចំណោមដីជាង១០០ហិកតា នៅចំណុចខាងកើតភូមិទួលធ្លកកំពុងខ្វះទឹក ស្នើសុំមន្ទីរធនធានទឹកខេត្តធ្លាប់ជួយ អន្តរាគមន៍ផង។
ពួកគាត់បានបញ្ជាក់ថា កន្លងមក មន្ទីរធនធានទឹក បានជួយប្រេងម៉ាស៊ូតចំនួន២០០លីត្រផងដែរ និងជួយដាក់ម៉ាស៊ីនធំ១គ្រឿង បូមទឹកស្រោចស្រពដីស្រែ ក៏ប៉ុន្តែម៉ាស៊ីនធំរបស់ធនធានទឹកនោះចេះតែខូចខាតមិនអាចបូមទឹកបាន ទើបពួកគាត់បានប្រើប្រាស់ម៉ាស៊ីនគោយន្តពួកគាត់បូមទឹកដាក់ស្រែ។ ពេលនេះ ពួកគាត់កំពុងខ្វះប្រេងចាក់ម៉ាស៊ីនគោយន្តបូមទឹក ស្នើសុំលោកប្រធានមន្ទីរធនធានទឹកខេត្តជួយពួកគាត់ផង។
ដោយឡែក មន្ទីរធនធានទឹកធ្លាប់បានសន្យាថា នឹងធ្វើទ្វារទឹកនៅចំណុចក្រានដែកខាងលើនេះដើម្បីទប់ទឹកស្តុក សម្រាប់បូមស្រោចស្រពដីស្រែ តែមកដល់ពេលនេះ ពុំទាន់ឃើញមានការធ្វើទ្វារទឹកតាមការសន្យាឡើយ។ ហេតុនេះ ពួកគាត់ស្នើសុំអាជ្ញាធរស្រុកខេត្ត មេត្តាជួយធ្វើទំនប់ទឹក និងទ្វារទឹកនៅចំណុចខាងលើនេះផង ទើបអាចតម្កល់ទឹកទុកបូមដាក់ស្រែជាង១០០ហិកតាបានគ្រប់គ្រាន់។
ទាក់ទងនឹងសំណូមពរខាងលើនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០មករានេះ បានឆ្លើយតបថា បើពួកគាត់ខ្វះប្រេង គួរតែធ្វើលិខិតស្នើសុំមក តែពេលនេះ លោកនឹងជួយប្រេងចំនួន១០០លីត្រ ឲ្យលោកមេឃុំមេលំ យកទៅផ្តល់ជូនពួកគាត់នៅក្នុងថ្ងៃនេះតែម្តង។
លោក ដោក ប៊ុនថុន បានបញ្ជាក់ទៀតថា ការពិត ដីស្រែពួកគាត់ខាងលើនេះ គឺជាដីគាស់រៀនថ្មី ជាដីលិចទឹករបស់ជលផលគ្រប់គ្រង ហើយមានប្រភពទឹកមិនច្បាស់លាស់ឡើយ និងកន្លងមកអាជ្ញាធរ បានសំណូមពរកុំឲ្យពួកគាត់ធ្វើស្រែ ព្រោះប្រឈមនឹងការខ្វះខាតទឹក តែពួកគាត់មិនស្តាប់ឡើយ។
តែទោះបីយ៉ាងណា ក៏មន្ទីរធនធានទឹកខេត្ត ត្រូវតែជួយដែរក្នុងពេលនេះ ដើម្បីកុំឲ្យស្រូវក្នុងស្រែងាប់។
ចំណែកការសន្យាថា ជួយធ្វើទំនប់ទឹកនៅចំណុចស្ទឹងក្រានដែក ខាងមន្ទីរកំពុងសិក្សានៅឡើយ និងប្រហែលជាមិនអាចធ្វើបានឡើយ ព្រោះមានប្រភពទឹកមិនគ្រប់គ្រាន់ ដោយត្រូវធ្វើនៅកន្លែងផ្សេងដែលកំពុងតែសិក្សាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments