Ad Code

អាជ្ញាធរ​ក្រុង​សៀមរាប​អះអាង​ថា កំពុង​រៀបចំ​គម្រោង​ផែនការ​ថ្មី​សម្រាប់​គ្រប់គ្រង​សំរាម​ នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ​ឲ្យ​មាន​និរន្ត​ភាព​



សៀមរាប​ ៖ ​លោក​អភិបាលក្រុង​សៀមរាប​ អះអាង​ថា ​កំពុងតែ​រៀបចំ​គម្រោង​ផែនការ​ថ្មី​សម្រាប់​គ្រប់​គ្រង​សំរាម ​នៅ​ក្នុង​ក្រុង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អាជ្ញាធរ​គ្រោង​ដាក់ឲ្យ​ក្រុមហ៊ុន​ចំនួន​បី ​ធ្វើការ​ប្រមូល និង​ដឹក​សំរាម​ចេញពី​ក្រុង និង​សាកល្បង​ប្រតិភូកម្ម​ថវិកា​មួយ​ចំនួន​ដល់​សង្កាត់​សម្រាប់​ធ្វើ​ការគ្រប់គ្រង​ទទួលខុសត្រូវ​លើ​បរិស្ថាន​ដោយ​ខ្លួនឯង។

លោក​នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប​បាន​ឲ្យ​ដឹង ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​មករា ​ឆ្នាំ​២០១៩​នេះ​ថា អាជ្ញាធរ​ទទួល​ស្គាល់​ថា នៅ​មាន​សំរាម​សេសសល់​នៅតាម​បណ្តា​ផ្លូវ​មួយចំនួន​នៅ​ជាយៗ​ក្រុង ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​របស់​ក្រុង​សៀមរាប ហើយ​អាជ្ញាធរ​ក្រុង ក៏​កំពុងតែ​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​។​

លោក​ក៏បាន​ពន្យល់​ថា ដោយសារ​កាលពី​២០​ឆ្នាំមុន ​អាជ្ញាធរ​ បានធ្វើ​កិច្ចសន្យា​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​តែ​នៅតាម​ផ្លូវធំៗ​ ប៉ុន្តែ​រហូតមក​បច្ចុប្បន្ន យើង​មានការ​រីកចម្រើន​មាន​ផ្លូវធំៗ​ច្រើនជាង​មុន ហើយ​ចំនួន​សំរាម​ក៏​ចេះ​តែ​មាន​ការកើនឡើង​ខ្ពស់ ឯ​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចេញ​មាន​តែ​មួយ ដែល​ធ្វើឲ្យ​ការប្រមូល​សំរាម​នេះ​មានការ​យឺត​។​

លោក​អភិបាលក្រុង​បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅក្នុង​ក្រុង​សៀមរាប​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ អាជ្ញាធរ​ក្រុង​សៀមរាប ​កំពុងតែ​រៀបចំ​គម្រោង​ផែនការ​ថ្មី​ ដោយ​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ ​អាជ្ញាធរ​ គ្រោង​ដាក់​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​ធ្វើការ​ប្រមូល និង​ដឹក​សំរាម​ចេញពី​ក្រុង និង​មានការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ឲ្យ​បាន​ល្អ​។ ហើយ​ក្រុមហ៊ុន​ទាំងនោះ នឹង​មានការ​បែង​ចែក​តំបន់​គ្នា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចេញ ដូចជា ក្រុមហ៊ុន​មួយ​ធ្វើការ​ប្រមូល​សំរាម​នៅ​ផ្នែក​ខាងលិច​ស្ទឹង មួយ​ធ្វើការ​ប្រមូល​ផ្នែក​ខាងកើត​ស្ទឹង និង​មួយទៀត​ធ្វើការ​ប្រមូល​តាម​ទី​សាធារណៈ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការប្រមូល​សំរាម​ចេញពី​ក្រុង​សៀមរាប​ឲ្យ​បាន​លឿន​។

ក្រៅពីនេះ ​អាជ្ញាធរ​ក្រុង និង​ធ្វើការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​មន្ទីរ​សេដ្ឋកិច្ច មន្ទីរ​បរិស្ថាន​ក្នុង​ការ​រៀបចំ​សៀវភៅ​បន្ទុក​ថ្មី និង​ធ្វើ​កិច្ចសន្យា​ថ្មី ជាមួយ​ក្រុមហ៊ុន សម្រាប់​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​។​

លោក​អភិបាលក្រុង​សៀមរាប​ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រៅពី​ការរៀបចំ​ផែនការ​ថ្មី​សម្រាប់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ទៅ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​ក្រុង​សៀមរាប ក៏បាន​សាកល្បង​ប្រតិភូកម្ម​ថវិកា​មួយ​ចំនួន​ដល់​សង្កាត់​សម្រាប់​ធ្វើ​ការគ្រប់គ្រង​ទទួលខុសត្រូវ​លើ​បរិស្ថាន​អនាម័យ​ដោយ​ខ្លួនឯង​។​

ហើយ​សម្រាប់​ជំហាន​សាកល្បង​ដំបូង​នេះ​ ក្រុង​ជ្រើស​រើស​យក​សង្កាត់​សាលា​កំរើក​មួយ​សិន​សម្រាប់​ធ្វើ​ការអនុវត្ត​សាកល្បង​ក្នុង​រយៈពេល​១​ឆ្នាំ បើ​ការសាកល្បង​នេះ​ទទួល​បាន​ជោគជ័យ​សាលាក្រុង ​និង​ប្រតិភូកម្ម​ថវិកា​ទៅ​គ្រប់​សង្កាត់​ទាំងអស់​របស់​ក្រុង​។​

លោក នួន ពុទ្ធា​រ៉ា បន្តថា សំរាម ​គឺជា​សត្រូវ​របស់​អ្នកទេសចរ ហើយ​ក្រុង​សៀមរាប​ជា​ក្រុង​ទេសចរ ដូច្នេះ​ទាំង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ ត្រូវ​រួមគ្នា​ដោះស្រាយ ​និង​លុបបំបាត់​បញ្ហា​នេះ​ទាំង​អស់​គ្នា ដើម្បី​ក្រុង​របស់​យើង​ស្អាត និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា និង​ស្នាក់នៅ​ខេត្ត​សៀមរាប​បាន​យូរ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu