Ad Code

ក្លិប​បាល់ទាត់​អាស៊ី ត្រៀម​រៀបចំ​សាងសង់​ទីលាន​ស្មៅ​សប្ប​និមិត្ត ​ក្បែរ​ទីលាន​ប្រកួត​ដែលមាន​ស្រាប់



ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានរៀបចំ​កសាង​ទីលាន​ស្មៅ​សប្ប​និមិត្ត​ដើម្បី​កូនក្រុម​បាន​ហ្វឹកហាត់​នៅជាប់​គ្នា​នឹង​កីឡដ្ឋាន AEU Sport Park ពោលគឺ​ធ្វើ​បន្ថែមទៀត​ពីលើ​ទីលាន​ស្មៅ​ធម្មជាតិ​សម្រាប់​ប្រកួត​ដែលមាន​ស្រាប់​។



ថ្នាក់ដឹកនាំ​ក្លិប​កីឡាបាល់ទាត់​អាស៊ី​អឺរ៉ុប បាន​បញ្ជាក់​ថា​តាម​គម្រោង​ទីលាន​ស្មៅ​សិប្បនិម្មិត​នេះ នឹង​ចាប់ផ្ដើម​សាងសង់​ក្នុង​ពេល​ឆាប់ៗ ក្នុង​បរិវេណ​កីឡដ្ឋាន AEU Sport Park ផ្ទាល់​តែម្ដង ក្រោយ​ទទួលបាន​ការគាំទ្រ និង​ជំរុញ​ពី​លោក​បណ្ឌិត ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដើម្បី​សម្រួល​ដល់​ការ​ហ្វឹកហាត់ និង​ការប្រកួត​ឲ្យ​កាន់តែ​ល្អប្រសើរ​។

​ប្រភព​នៅ​មិនទាន់​ច្បាស់​ពី​គម្រោង​ចំណាយ​ថា​នឹង​អស់​ប៉ុន្មាន​នោះទេ តែ​ទីលាន​ស្មៅ​សិប្បនិម្មិត​នេះ ត្រូវ​សាងសង់​ក្នុង​ទំហំ​ស្ដង់ដារ​មួយ ដែល​អាច​បម្រើ​ឲ្យ​ការ​ហ្វឹកហាត់​របស់​ក្រុម​ធំ​បាន ហើយក៏​មាន​បែងចែក​ជា​ការ​ធ្វើ​ទី​លា​ហ្វូ​ត​សាត​តូចៗ សម្រាប់​ក្រុម​យុវជន និង​ក្រុម​ផ្សេងៗ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រុំ បាន​ចូលរួម​ប្រកួត ដើម្បី​ទទួលបាន​សុខភាព​ល្អ និង​បំផុស​ចលនា​លេង​កីឡា​ឲ្យ​កាន់តែច្រើន ពេល​ទីលាន​នេះ​ទំនេរ​ពី​ការហ្វឹកហាត់​ដែរ​។



​គួរ​បញ្ជាក់​ថា ​កីឡដ្ឋាន AEU Sport Park មាន​ទីតាំងនៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​ទើប​បើក​ដំណើរការ​នៅ​រដូវ​កាល​២០១៨​នេះ​។ ថ្នាក់ដឹកនាំ​ធ្លាប់បាន​បញ្ជាក់​ថា​ចំពោះ​ការសាងសង់​ដំបូង​នៅ​កីឡដ្ឋាន​នេះ​បាន​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។ យ៉ាងណា​ក្លិប​ក៏​ត្រូវតែ​ជួសជុល​កីឡដ្ឋាន​របស់ខ្លួន​ឡើងវិញ​ឲ្យ​បាន​រួចរាល់​មុន​ពេល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​មកដល់​ទាំង​ការប្រកួត​លី​គ​កំពូល​កម្ពុជា និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu