ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបើកវេទិកាការងារនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តល់ឱកាសការងារដល់យុវជនចំនួន៧២៣កន្លែង។
វេទិកាការងារនេះ មានក្រុមហ៊ុន ចំនួន១០ចូលរួមរួមមាន ក្រុមហ៊ុន ALPHA GOLD FUTURES, ELT,មហានគរ, PassApp, BROWN, ម៉ាស្ទ័រ ស៊ុគីស៊ុប, MAJOR CINEPLEX, HUAWEI, PARK Café, និងមីក្រូហិរញ្ញវត្ថុbamboo។
សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសន៍ផ្ទាល់ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុនទាំង១០ ចាប់ពីម៉ោង ០៨និង០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់យុវជនអ្នកស្វែងរកការងារក្នុងការដាក់ពាក្យស្វែងរកការងារក្នុងប្រទេស ក៏ដូចជានិយោជកដែលត្រូវការជ្រើសរើសបុគ្គលិកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ និងខេត្ត។
អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ www.facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ NEA បានឲ្យដឹងថា ឆ្នាំ២០១៨នេះ NEAបានជួយរកការងារធ្វើដល់យុវជនកម្ពុជាចំនួន ៥៤៦៤ នាក់,ផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅឲ្យនិយោជកដែលត្រូវការកម្លាំងពលកម្មចំនួន ២២៨៥៤ នាក់បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើសរុបចំនួន ១៥,៤៨៥នាក់, ប្រមូលដំណឹងជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ចំនួន៨៣,៤៦៦កន្លែងនិងផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈទូរស័ព្ទទៅអ្នកស្វែងរកការងារធ្វើ ចំនួន ៣៥,២៩៥នាក់។
ជាងនេះទៅទៀត ដើម្បីផ្តល់សេវាការងារជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវាការងារ NEA តែងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីជំនាញទន់ និងភាពជាអ្នកដឹកនាំដល់មន្ត្រីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋឆាប់ទទួលបានការងារធ្វើ។
លោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារបានមានប្រសាសន៍ថា «ការផ្តល់សេវាជួយស្វែងរកការងារជូនប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាលដើម្បីបែងចែកឱកាសការងារជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនស្មើៗគ្នាប្រកបដោយសមធម៌ និងតម្លាភាព។ ចក្ខុវិស័យរបស់យើង គឺប្រែក្លាយជាទីភ្នាក់ងារផ្តល់សេវាការងារប្រកបដោយគុណភាពឈានមុខគេនៅកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមានបំណងចង់ស្វែងរកការងារអាចទទួលបានព័ត៌មានការងារក្នុងស្រុក និងទទួលការជួយជ្រោមជ្រែងរហូតពួកគាត់ទទួលបានការងារ និងប្រាក់ចំណូលទៅតាមក្តីប្រាថ្នា»។
គូរបញ្ជាក់ថា ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណជនទូទៅ តាមរយៈគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមានរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕
Source: Kampuchea Thmey Daily
0 Comments