Ad Code

អា​រុន​ ដេ​ត សុំ​សងសឹក ឯម ឡេង​លី ខណៈ ចាន់ ប៊ុន​ហឿន ជួប ហា​ឆ្លាម នៅ​សង្វៀន​ស្ទឹងមានជ័យ​



​ប្រដាល់ ៖ អា​រុន ដេ​ត (ArunDeth Phakthungchai)​ អ្នក​ប្រដាល់​ជើងចាស់​ និង​ជា​ជើង​ខ្លាំង​នៅ​ស្រុក​ថៃ បាន​សុំ ឡើងមក​សងសឹក​ ឯម ឡេង​លី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ នា​រសៀល​ថ្ងៃ​សៅរ៍​ទី១២ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។

អា​រុន ដេ​ត ផាក​ថុង​ចៃ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ សុំ​ជួប​សងសឹក​ឯម ឡេង​លី នេះ មិនដឹងថា​បានសម្រេច​ឬ​អត់​នោះទេ​? ព្រោះថា ឡេង​លី គេ​កំពុងតែ​ខ្លាំង​និង​ល្បីឈ្មោះ​ខ្លាំង​ណាស់នា​មួយរយៈ​ចុងក្រោយ​នេះ។

កាលពី​ជួប​ឯម ឡេង​លី​ លើក​មុន​(២៥​ឧសភា​២០១៨) អា​រុន ដេ​ត ​ត្រូវ​ឡេង​លី វាយ​ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥។​

យ៉ាងណា អា​រុន​ដេ​ត ប៉ះ​ជាមួយ​ឯម​ឡេង​លី គឺ​ពុំមែន​ជាការ​ស្រួល​នោះឡើយ ព្រោះថា ឡេង​លី ថ្វី​ត្បិតតែ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​ជាង​៤០​លើក​ក៏ដោយ ក៏​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ដែរ។ យ៉ាងណា ឯម ឡេង​លី ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ ឯម​ឡេង​លី និង អា​រុន​ដេ​ត នេះ?។

ឡេង​លី គេ​មាន​កំនត់ត្រា​ប្រកួត​ទើបតែ​បាន​៤១​លើក​ប៉ុណ្ណោះ ប៉ុន្តែ​គេ​វាយ​ឈ្នះ​៣១​លើក​ទៅហើយ ដោយ​ស្មើ​០៦​លើក និង​ទើបតែ​ស្គាល់​ចាញ់​៤​លើក​នោះ។ គេ​ប្រកួត​ចុងក្រោយ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ចេក​ស្យ៉ា​ម​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ។​

សូមបញ្ជាក់ថា អា​រុន​ដេ​ត នេះហើយ ដែល​បាន​ផ្តួល​យកឈ្នះ​ព្រំ សំណាង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ ដល់ទី​ពីរលើក និង ឈ្នះ​មាស ភារ​ម្យ ក្លិប​កងទ័ពជើងទឹក​ក្នុង​ទឹក​ទី​២​ផងដែរ​កាលពីពេល​កន្លងមក។​

ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប ឡុង​សុ​ភី ៥​លើក ឈ្នះ​១​ស្មើ​១​លើក​និង​ចាញ់​ សុ​ភី​ ៣​លើក។ អា​រុន​ដេ​ត មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩៧​លើក ឈ្នះ​៨៣​លើក ចាញ់​១៤​លើក និង​មិនដែល​ស្មើ​។

អ្នក​ប្រដាល់​ថៃ​រូបនេះ បានតែ​មក​ប្រកួត​ដំបូងៗ​ប៉ុណ្ណោះ ដែល​វាយ​ខ្លាំង​ និង​ល្អ តែ​ដល់ពេល​មកលើ​ក​ក្រោយៗ​នេះ គឺ​វាយ​អន់​ណាស់ ដូច្នេះហើយ​ទើប​ធ្លាក់​មក​ផ្គូ​ជាមួយ​ជើង​ខ្លាំង​ស្រករ​ក្រោយ ឯម ឡេង​លី នោះ។​

ចំពោះ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរ គឺ​ហា ឆ្លាម ឆ​.​ហា​ប៉ា​យ៉ាក​(Ha Chhlam Chhor.Harpayak) ដោយ​ជួប គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

ចាន់ ប៊ុន​ហឿន ជា​ជើងឯក​រង​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦០​គីឡូក្រាម។ ជួប​ប្រកួត​ជាមួយ​ថៃ​ចុង​ក្រោយ​នេះ គេ​បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ឡាវ​ឈ្មោះ​ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​០២​ធ្នូ​កន្លងទៅនេះ។ ជា​លើក​ទី​២៩ របស់​ប៊ុន ​ហឿន​ ហើយ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ​។
ប៊ុន ​ហឿន ប្រកួត​ជាមួយ​ថៃ​២៨​លើក​កន្លងមកនេះ គឺ​ឈ្នះ​១៩​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក ។​

ហា ឆ្លាម ដែលជា​គូ​របស់​ចាន់ ប៊ុន​ហឿន​នេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​ពីមុនមក។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម ​ប្រចាំ​ នៅ​ស្រុកថៃ​។ ឆ្លងកាត់​ការប្រកួត​៦៨​លើក ហា​ឆ្លាម​វាយ​ឈ្នះ​៥៥​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក​។​

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៧​លើក និង​ចាញ់​១០​លើក និង​ស្មើ​០២​លើក។ ប៊ុន​ ហឿន ​គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ចាន់ ប៊ុន​ហឿន និង ហា ឆ្លាម នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ?​។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សយ សុខ ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​ គេ​នឹងត្រូវ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​រស់ វិបុល​អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​ ឯ ជា ឧ​ត្ត​ម អ្នក​ប្រដាល់​ក្លិប​ម៉ៃ​ទី ក្រាំង​យ៉ូ​វ ត្រូវ​ជួប​ប្រកួត​ជាមួយ​ទូច ដេវីត អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu