Ad Code

ប្រជាពលរដ្ឋ​អ្នក​ផលិត និង​អ្នកលក់ ផើង​ផ្កា ពី​កន្សែងពោះគោ ឬ​ពី​កំណាត់​ភួយ កំពុង​សប្បាយចិត្ត ព្រោះ​មាន​អ្នក​ជាវ និង​កុម្ម៉ង់​ទិញ​ជាច្រើន​



​កំពង់ឆ្នាំង ​៖ សព្វថ្ងៃនេះ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង គេ​ឃើញ​មានការ​ដាក់​លក់​ផើង​ផ្កា ដែលជា​ការរកឃើញ​ថ្មី ដោយ​គេ​បាន​ប្រើ​កន្សែងពោះគោ និង​កំណាត់​ភួយ រួម​នឹង​ស៊ី​ម៉ងត៍ ផលិត​បានជា​ផើងផ្កា​យ៉ាង​ស្រស់ស្អាត ដាក់តាំង​លក់​ហូរហែ។

អ្នក​ប្រកបមុខរបរ​នេះ​បានឲ្យ​ដឹងថា​ ពួកគាត់​កំពុងតែ​មោទនភាព នឹង​ផលិតផល​ដែល​បាន​រក​ឃើញ​ថ្មី​នេះ ព្រោះ​លក់ដាច់ ​តែ​បាន​ច្រើន​។



លោក ស៊ឹម ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ជា​អ្នក​ផលិត​ផើងផ្កា​ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​និយាយ​ឲ្យ​ដឹងថា​ ការធ្វើ​ផើងផ្កា ដែល​បា ន​ឃើញ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដែល​គេ​យក​កន្សែងពោះគោ ឬ យក​កំណាត់​ភួយ មក​ជ្រលក់​នឹង​ស៊ីម៉ងត៍ ធ្វើ​ផើងផ្កា នោះ​គឺ​គ្រាន់តែ​ធ្វើជា​លក្ខណៈ​គ្រួសារ​ទេ ការផលិត​បែប​នោះ​មិនមាន​គុណភាព​ឡើយ អាច​នឹង​បែក​ដាច់​ចេញ​ពីគ្នា។

ចំណែក​គាត់​ចេះ​ផលិត​ផើងផ្កា​តាមបែប​ថ្មី​នេះ​ពី​ប្រទេស​ម៉ាឡេស៊ី ខណៈដែល​គាត់​បាន​ទៅធ្វើជា​កម្មករ​សំណង់​នៅ​ទីនោះ ត្រូវបាន​មេជាង​បង្ហាត់​ឲ្យ​គាត់​ចេះ​អំពី​របៀប​ធ្វើ​ផើង ផ្កា​តាម​បែប​សម័យ​មួយ​នេះ ចំពោះ​ការធ្វើ​ដោយ​កន្សែងពោះគោ គឺ​មិន​មាន​គុណភាព​ទេ ដោយសារតែ​ទឹក​ស៊ីម៉ងត៍ វា​កាត់​អំបោះ ឲ្យ​ពុក​ផុយ ​គឺ​ពេល​បែក វា​នឹង​ដាច់ចេញ​ពីគ្នា។



ចំណែក​ការធ្វើ​របស់គាត់ គឺ​យក​វត្ថុ​ធាតុ​ម្យ៉ាង ដែល​មិន​ងាយ​ដាច់ចេញ​ពីគ្នា​ឡើយ បើ​ធ្លា​ក់វា​គ្រាន់តែ​ស្រាំ​ប៉ុណ្ណោះ គឺ​ត្រូវយក​ក្រណាត់​ស្វិត មក​ធ្វើ ទើប​មាន​គុណភាព។ សព្វថ្ងៃ​ គាត់​ធ្វើ​យឺត​បន្តិច​មែន ប៉ុន្តែ​គុណភាព​ផើងផ្កា​របស់គាត់​រឹងមាំ​ល្អ និង​មាន​អ្នក​មក​ទិញ​ជាច្រើន។ ដោយឡែក ​បច្ចុប្បន្ននេះ​គាត់​កំពុងតែ​ផលិត​នូវ​ផើងផ្កា​មួយបែប​ទៀត ជា របៀប​កំណាត់​គល់ឈើ ដែលមាន​ភាពស្រស់ស្អាត​និង​ទាក់ទាញ​ជាង​មុន។

ចំណែក​អ្នកលក់​ផើងផ្កា ស្ត្រី​ ឈ្មោះ ពេ​ជ សុភា​ស់ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ វិញ​បាន​និយាយ​ឲ្យ​ដឹង​ផងដែរ​ថា​ បច្ចុប្បន្ន​នេះ​ គាត់​ក៏ដូចជា​អ្នកលក់​ផើង​លក់​ផ្កា​តាមបែប​សម័យថ្មី​នេះ​ គឺ​ដាច់​ច្រើន ព្រោះតែ​អតិថិជន​មាន​ចំណូលចិត្ត​។

សូមបញ្ជាក់ថា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ក្នុង​ខេត្តកំពង់ឆ្នាំង ចាប់ពី​ស្រុក​រលាប្អៀរ ផ្នែក​ខាង​ត្បូង ដល់​ស្រុក​រលាប្អៀរ​ផ្នែក​ខាងជើង កន្លែង​ដែលមាន​លក់​វត្ថុ​អនុស្សាវរីយ៍ សុទ្ធតែ​មាន​តាំង​លក់​ផើងផ្កា​សម័យថ្មី​នេះ ហើយ​ផើងផ្កា​នេះ​មាន​អតិថិជន​ទិញ​ជាច្រើន សម្រាប់​យកទៅ​ដាំ​ផ្កា​លំអ​តាម​គេហដ្ឋាន​របស់​ពួកគាត់ ព្រោះ​ផើង​ផ្កា​នេះ​មាន​ក្បាច់​ប្លែក និង​មាន​ពណ៌​ចម្រុះ​យ៉ាង​ស្រស់ស្អាត៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu