ប្រទេសថៃ ៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរចំនួន១០នាក់ ដែរ ដែលរងរបួសធ្ងន់ស្រាល នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅឯប្រទេសថៃ ខណៈដែលពួកគេទាំងអស់គ្នា ទំនងជាម៉ៅរថយន្តដើម្បីត្រឡប់មកស្រុកកំណើត ក្នុងការបន្តឯកសារ ហើយក៏បានជួបនឹងរឿងបែបនេះតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ លើកំណាត់ផ្លូវលេខ ៣៥៩ ត្រង់ចំណុចផ្លូវបែកជា៤កន្លែងភ្លើងស្តុប បានក្រកសុំប៊ូន ក្នុងស្រុកស្រ៊ីមហាពោធិ ខេត្តប្រាជីនបុរី ប្រទេសថៃ រវាងរថយន្តម៉ាក តូយ៉ូតា ( តួរីស ) ពណ៌ស ពាក់ស្លាកលេខ បាងកក ១៥-២០៣២ ជាមួយនឹងរថយន្តម៉ាក អ៊ីស៊ុយស៊ុយ ធុនដឹកទំនិញ ( កង់៦ ) ពាក់ស្លាកលេខ កានចៈនៈបុរី ៧០-៩២៤៧ ក្នុងទិសដៅស្របគ្នា។
របាយការណ៍ដែលយើងទទួលបានគឺអ្នកបើកបររថយន្តធំមាន ឈ្មោះ សុផល សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ បាននិយាយថា នៅមុនពេលកើតហេតុ លោកបានបើករថយន្តជាធម្មតា ដោយបានមកឈប់ត្រង់ផ្លូវបំបែក ដោយសារតែមានភ្លើងក្រហមជាសញ្ញា។
លោកបានបន្តថា នៅពេលនោះដែរ ស្រាប់តែឮសំឡេងអ្វីមួយយ៉ាងខ្លាំងនៅខាងក្រោយ លោកក៏បានចុះទៅមើល ស្រាប់តែឃើញរថយន្តតួរីសនេះ បើកមកបុករថយន្តលោកពីក្រោយយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យរួញក្បាលរថយន្ត ព្រមទាំងកៀបជាប់អ្នកបើកបរថែមទៀត ទើបលោកបានរាយការណ៍ទៅក្រុមតម្រួតឲ្យចុះពិនិត្យ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចបានយកឧបករណ៍សម្រាប់កាត់ដែក មកកាត់ ដើម្បីទាញយកអ្នកបើកបរចេញ ព្រោះរូបគេបានកៀបជាប់ជាមួយនឹងចង្កូតទៅហើយ ដោយឡែកអ្នកនៅក្នុងរថយន្ត ដែលសុទ្ធតែជាពលករខ្មែរ សរុបចំនួន១០នាក់ បានរងរបួសធ្ងន់ស្រាល ដោយមានខ្លះបាក់ជើងផងដែរ ដោយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បញ្ហានេះ គឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនហួសកំណត់៕
Source: Kampuchea Thmey Daily
0 Comments