Ad Code

បែកធ្លាយ​រឿង​មេ​គយ​ច្រកទ្វា​អន្ត​រ​ជាតិ​ដូង ​ក្នុងស្រុក​កំរៀង​ កេងប្រវ័ញ្ច​ថវិការដ្ឋ​ តាមរយៈ​ទំនិញ​គេច​ពន្ធ​ ឬ​បង់ពន្ធ​មិន​គ្រប់​



​បាត់ដំបង ៖ ប្រភពពី​ប្រជាពលរដ្ឋ​ និង​មតិ​មហាជន​ រួម​នឹង​ក្រុម​ឈ្មួញ​មួយចំនួន​ផង​នោះ បាន​បង្ហើប​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា​ ច្រក​របៀង​ នៅ​តាម​បន្ទាត់​ព្រំដែន ​គឺ​ក្នុងស្រុក​កំរៀង​,​ភ្នំព្រឹក​,​ និង​សំពៅ​លូន​ជា​រៀងរាល់​យប់ ​និង​ថ្ងៃ​ ក្រុម​ឈ្មួញ​ធំៗ​មួយចំនួន ​តែងតែ​ដឹក​រាល់​ទំនិញ​ និង​ប្រេងសាំង​គេច​ពន្ធ​ ជា​ពិសេស​តាម​ច្រក​អន្តរជាតិ​ដូង ​ក្នុងស្រុក​កំរៀង ​ដោយមាន​ការឃុបឃិត​ពី​ លោក ​ឡេង​ សុខ​ មេ​គយ​ច្រកទ្វា​អន្ត​រ​ជាតិ​ដូង​ ដើម្បី​ផលប្រយោជន៍​ខ្លួន​ ធ្វើឲ្យ​បាត់បង់​ចំណូល​ថវិកា​របស់​រដ្ឋ​ យ៉ាង​សន្ធឹក​សន្ធាប់​ក្នុង​១​ឆ្នាំៗ​។​

ប្រភព​បាន​ត្អូញត្អែរ​ជាមួយ​ការរិះគន់​ចំៗ​ថា ​ចាប់តាំងពី​ លោក​ យូ​ ហេង​ មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ​កាលពី​រសៀល​ថ្ងៃទី​២៣​ ខែ​មករា ​ឆ្នាំ​២០១៩​ មក​ កាន់តែ​បណ្តោយឲ្យ​លោក​ ឡេង​ សុខ​ មេ​គយ​ច្រក​ទ្វា​អន្ត​រជាតិ​ដូង ​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច​ថវិកា​រដ្ឋ​ តាមរយៈ​ការ​ឲ្យ​ក្រុម​ឈ្មួញ​ នាំ​ទំនិញ​គេចពន្ធ​កាន់តែ​លើស​ដើម​ គឺ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក​ ឡេង ​សុខ​ ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​នៅឡើយ​ទេ​។​

ប្រភព​បន្ត​ដោយ​ដាក់​ការ​សង្ស័យថា​ ប្រហែលជា​ លោក​ ឡេង​ សុខ​ មេ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ផ្តល់​លាភសក្ការៈ​ដល់ ​លោក ​យូ ហេង ​មេ​គយ​សាខា​ខេត្ត​ដែល​ទើប​មកកាន់​តំណែង​ថ្មី​ខ្លះ​ហើយ​មើលទៅ​ ទើប​នៅតែ​បន្ត​ឲ្យ​ លោក ​ឡេង​ សុខ​ ប្រើ​តួនាទី​ និង​អំណាច​របស់ខ្លួន​ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​ នាំចូល​ទំនិញ ​និង​ប្រេងសាំង​គេចពន្ធ​ ឬ​បង់ពន្ធ​មិន​គ្រប់​បែបនេះ​។​

បើ​យោងតាម​ប្រភព​១​ផ្សេងទៀត​បាន​បង្ហើប​ដែរ​ថា​ លោក​ យូ​ ហេង ​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​ថ្មី​រូបនេះ​ ត្រូវបាន​មតិ​មហាជន​រិះគន់​ចំៗ​ថា ​លោក​ មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ កាលពី​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ​នាពេល​កន្លង​មក​។​

ដោយឡែក ​ប្រភពពី​មន្ត្រី​គយ​ និង​ភ្នាក់ងារ​គយ​ខេត្តបាត់ដំបង​មួយចំនួន​ផ្សេងទៀត​ ក៏បាន​ខ្សឹប​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹងផង​ដែរ​ថា​ កាលពី​ជំនាន់​ លោក ​ឈុណ​ ​សុភមង្គល​ នៅ​ធ្វើជា​ប្រធាន​សាខា​គយ​ខេត្តបាត់ដំបង​ បាន​បើកដៃ ​និង​ឃុបឃិត​ឲ្យ ​លោក​ ឡេង​ សុខ​ ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​ ក្នុងស្រុក​កំរៀង ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ​រួម​នឹង​ទំនិញ​ខុសច្បាប់​យ៉ាងច្រើន​ផ្សេងទៀត​។

ប្រភព​ដែលជា​មន្ត្រី​តូចតាច​ដដែល​សង្ឃឹមថា​ លោក​ យូ​ ហេង ​ជា​មេ​គយ​ខេត្ត​ថ្មី​នេះ ​នឹង​ទប់ស្កាត់​អំពើពុករលួយ​របស់ លោក ​ឡេង​ សុខ ​ឥឡូវនេះ​ មិន​ត្រឹមតែ​មិន​ទប់ស្កាត់​នោះទេ​ កាន់តែ​បន្ថែម​ល្បឿន ​នៃ​អំពើពុករលួយ​កាន់តែខ្លាំង​ឡើង​ ដែល​ធ្វើឲ្យ​​មន្ត្រី​តូចតាច​អាក់អន់ចិត្ត​ទៅវិញ​។

​ប្រភព​បាន​បន្តថា ​បញ្ហា​នេះ ​គឺជា​រឿង​ដែល​ លោក ​អូន ព័ន្ធមុនីរ័ត្ន​ ដែលជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ក៏ដូចជា​ លោក​ គុណ​ ញឹម​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​មិន​គួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ ព្រោះ​ទង្វើ​របស់ លោក​ យូ​ ហេង​ ដែល​ជា​មេ​គយ​សាខា​ខេត្ត​បាត់ដំបង​ ទើប​កាន់​ដំណែង​ថ្មី​នេះ​ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ថវិការដ្ឋ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។​

ប្រភពពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តបាត់ដំបង​ដដែល​បានបញ្ជាក់​ទៀតថា ​លោក ​ឡេង​ សុខ​ ជា​មន្ត្រី​ដុះ​ស្លែ​ បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​មិនតិចជាង​២០​ឆ្នាំ​នោះទេ​ ព្រោះ​ លោក ​ឡេង​ សុខ​ ចេះ​លុតក្រាប​ជាមួយ​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង​គ្រប់​ជំនាន់​ ដើម្បីឲ្យ​មានឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​ គ្មាន​អ្នក​ទប់ស្កាត់បាន​។

​ប្រភពពី​មន្ត្រី​ដដែល​បាន​បន្តថា​ កាល​ជំនាន់​ លោក​ ឈុណ​ សុភមង្គល​ ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ​គឺ ​លោក ​ឡេង​ ​សុខ ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ ហើយ​នៅ​ពេល​ដែល ​លោក ​យូ​ ហេង​ មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​មករា ​ឆ្នាំ​២០១៩​ គឺ​ លោក​ ឡេង​ សុខ​ នៅតែ​ល្បីល្បាញ​ខាង​ពុករលួយ​ដដែល ​ចង់​លើស​ដើម​ផង​។

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើនេះ​ កម្ពុ​ជាថ្មី ​មិនអាច​សុំ​ការបកស្រាយ​ពី​មន្ត្រី​គយ​ទាំង​ពីររូប​បាន​ថា​យ៉ាងណា​នោះទេ ​នៅ​ថ្ងៃទី​១៨​​កុម្ភៈ​នេះ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​រាល់​ប្រភព​ខាងលើ​ ដោយ​ស្វែងរក​ប្រភព​សម្រាប់​ទំនាក់ទំនង​គ្មាន​។​

បើទោះបី​បែបណា ​គ្រប់​ប្រភព​បាន​សំណូមពរ​ និង​អំពាវនាវ​ឲ្យ​ លោក​ ឱម​ យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ចាត់វិធានការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់​លោ​ក​ ឡេ​ង​ហេង​ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​ ស្រុក​កំរៀង ​ខេត្តបាត់ដំបង​ជាបន្ទាន់​ផង​ ព្រោះ​បច្ចុប្បន្ន​ លោក​ឡេង​ សុខ ​នៅតែ​បន្តសកម្មភាព​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​ខុសច្បាប់​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក ​ធ្វើឲ្យ​រដ្ឋ​កាន់តែ​បាត់បង់​ចំណូល​យ៉ាង​ច្រើន​ក្នុង​១​ឆ្នាំៗ​។

​គួរ​បញ្ជាក់​ថា ​ក្នុង​រឿងរ៉ាវ​ខាងលើនេះ​ កម្ពុជា​ថ្មី​ នឹង​បន្ត​ស្វែងរក​ប្រភព​សាមី​ ដើម្បី​សុំ​ការបកស្រាយ​ពី​លោក​មន្ត្រី​គយ​ទាំងពីរ​ ដែល​រាល់​ប្រភព​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​អំពើពុករលួយ​ ប្រសិន​ជា​សាមីខ្លួន​មិនមាន​ការពាក់ព័ន្ធ​ដូច​ការចោទប្រកាន់​រប​ស់​រាល់​ប្រភព​នោះ​ទេ​ សាមីខ្លួន​អាច​សំណូម​ពរ​ដល់​ការិយាល័យ​កម្ពុ​ជាថ្មី​ ស្រាយ​បំភ្លឺ​ជូន​លោក​ទាំងពីរ​វិញ​ តាម​អ្វី​ដែល​កម្ពុជា​ថ្មី​ទទួល​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu