ភ្នំពេញ ៖ សំឡេងផ្ទុះអាវុធបានលាន់ឮយ៉ាងសន្ធាប់ជិត១០គ្រាប់ ពីសំណាក់ក្រុមនគរបាលខណ្ឌជ្រោយចង្វា បង្កការភ្ញាកផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋក្នុងការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅតំបន់មិនរៀបរយក្បែរវិហារឥស្លាម ឯករង្សី។
ជាក់ស្តែង ជនសង្ស័យចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វាធ្វើការចាប់ខ្លួននៅសំណង់មិនរៀបរយមួយកន្លែង ស្ថិតនៅសង្កាត់ជ្រោយចង្វា ដោយរឹបអូសបានថ្នាំញៀនចំនួន 17 បញ្ចប់ និងវត្ថុតាងមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង 12 និង 30 នាទីថ្ងៃត្រង់ ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2019 នៅតំបន់មិនរៀបរយខាងក្រោយវិហារឥស្លាមឯករង្សី នៅភូមិ 3 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យ ទាំង 8 នាក់ខាងលើ គឺ 3 នាក់ ពាក់ព័ន្ធនឹងការចែកចាយថ្នាំញៀនចំនួន 5 នាក់ទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់។
ក្នុងការបង្ក្រាបក្រុមពាក់ព័ន្ធនឹងគ្រឿងញៀនខាងលើ សមត្ថកិច្ចបានព្យាយាមលាក់បាំងថា ពុំមានការផ្ទុះអាវុធនោះទេ ប៉ុន្តែស្តែង គឺផ្ទុះអាវុធរហូតដល់ជិត១០គ្រាប់ឯណោះ។
សមត្ថកិច្ចឲ្យដឹងថា មុននឹងឈានដល់ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀនទាំង 8 នាក់ខាងលើ សមត្ថកិច្ចបានតាមដានរយៈពេលយូរមកហើយ ពេលយើងក្តាប់បានសភាពការណ៍ក៏ចុះបង្ក្រាបជាក់ស្តែងតែម្តង។
ជាលទ្ធផលក្នុងការបង្ក្រាបខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន 8 នាក់ ថ្នាំញៀនចំនួន 17កញ្ចប់ និងវត្ថុតាងមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments