លោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី មិនបានមើលឃើញ មានការប្រែប្រួលធំៗ ដែលបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី តាមបញ្ជារបស់លោកប្រធានាធិបតី អាមេរិក Donald Trump.នោះទេ។
លោក ពូទីន និយាយថា លោក ត្រាំ កំពុងព្យាយាមបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ដោយបញ្ជាឲ្យដកកងទ័ព ប៉ុន្តែ ថាលោក ត្រាំ មិនអាចបំពេញតាមការសន្យារបស់ខ្លួនគ្រប់រឿងបានទេ ដោយសារតែអ្វីដែលលោកពូទីនបានហៅថាជា បញ្ហានយោបាយផ្ទៃក្នុង។
មេបញ្ជាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ទំនងជានឹងនៅសល់ពេលត្រឹមតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ដែលត្រូវចាប់ផ្ដើម ដកកងទ័ពថ្មើរជើង ចេញពីស៊ីរី។
នៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ លោក ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី បាននិយាយថា វត្តមានរបស់សហរដ្ឋអាមេរិក ដែលជាសត្រូវដ៏ជូរចត់របស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា បាន ធ្វើឲ្យប៉ះពាល់ដល់ ប្រទេសនៅក្នុងតំបន់ និងបានអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោន ដកកងកម្លាំងចេញពី ប្រទេសស៊ីរី ឲ្យបាន ឆាប់។
ថ្លែងរួមគ្នាជាមួយលោកពូទីន និង លោក រ៉ូហានី នៅក្នុង ទីក្រុងរមណីយដ្ឋានសូជី(Sochi) របស់រុស្ស៊ី លោកប្រធានាធិបតីទួរគី តាយយីប អឺដូហ្គែនបាននិយាយថា មានការពិភាក្សាការដកកងទ័ពអាមេរិកចេញពីស៊ីរី ដែលនឹងធ្វើឡើងនៅក្នុង ខែមេសា ឬ ខែឧសភា ប៉ុន្តែលោក បានបន្ថែមថា ពេលវេលានេះ នៅមិនទាន់ច្បាស់នៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments