រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផូមផ្យូ (Mike Pompeo)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានបំណងដើរលើផ្លូវតែមួយជាមួយ កូរ៉េខាងជើង តាមដែលអាចធ្វើទៅបាន មុនជំនួបកំពូលជាមួយកូរ៉េខាងជើងក្នុងទីក្រុង ហាណូយ ប្រទេសវៀតណាមនៅថ្ងៃទី២៧និង២៨ខែនេះ។
លោក ផូម ផ្យូ និយាយថា លោកកំពុងបញ្ជូនក្រុមការងាររបស់លោកត្រឡប់ទៅកាន់ តំបន់អាស៊ីវិញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់ការពិភាក្សាបន្ថែមទៀតជុំវិញ បញ្ហាទាំងអស់ ដែល បានពិភាក្សានៅឯកិច្ចប្រជុំកំពូលបើកផ្លូវក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ មុនរវាងលោកប្រធានាធិបតី អាមេរិកDonald Trump និងលោក Kim Jong Unមេដឹកនាំកូរ៉េខាងជើង។
លោកផូមផ្យូ បាន ប្រាប់សន្និសីទ សារព័ត៌មាន ក្នុងទីក្រុង វ៉ាសាវី(Warsaw) ថា លោកត្រាំ និងលោកគីម នឹងសម្លឹងរកចំណុចស្ដម្ភនៃការរំសាយចោលអាវុធនុយក្លេអ៊ែរជាចម្បង ដែលមេដឹកនាំទាំង២បានព្រមព្រៀងគ្នានៅឯជំនួបកំពូលលើកទី១ របស់ពួកលោកព្រមទាំងបញ្ហាផ្សេងៗទៀត។
សហរដ្ឋអាមេរិក បានកំពុងទាមទារឲ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរដែល គំរាមដល់សហរដ្ឋអាមេរិក ហើយលោកត្រាំនៅតែអន្ទះសាចង់ឲ្យមានជំនួបជាលើកទី២ បើទោះជាកិច្ចប្រជុំប្រទេសសិង្ហបុរី បានបង្កើតឲ្យមានការតាំងចិត្តមិនច្បាស់លាស់ពីលោកគីម និងការរីកចម្រើនជាក់ស្ដែងតិចតួច ចាប់តាំងពីពេលនោះមកក៏ដោយ។
កូរ៉េខាងជើងបានកំពុងស្វែងរកការលើកលែងទណ្ឌកម្មដែលផ្តួចផ្ដើមដោយសហរដ្ឋអាមេរិក ការបញ្ចប់សង្គ្រាមជាផ្លូវការនៃសង្គ្រាមពីឆ្នាំ 1950-53 និងការធានាសន្តិសុខ៕
Source: Kampuchea Thmey Daily
0 Comments