Ad Code

នាគ​ឆ្លង​ខេត្ត​ បំ​បុក​ម៉ូតូ​ បណ្តាល​ឲ្យ​នារី​ម្នាក់​ ផ្លោង​ធ្លាក់ទឹក​ស្លាប់​ និង​ម្នាក់ទៀត​របួសធ្ងន់​



​កណ្តាល ៖ នារី​ម្នាក់​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ​នៅក្នុង​ទឹក​ជាមួយនឹង​ម៉ូតូ ​និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​នៅ​លើ​ផ្លូវ ​ដោយសារ​រថយន្ត​ស្លាក​យីហោ​នាគ​ឆ្លង​ខេត្ត​ ដែល​បើកបរ​ដោយ​ជន​ប្រមឹក​ហោះ​បំ​បុក​ម៉ូតូ ​ក្នុង​ទិសដៅ​ផ្ទុយគ្នា។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ២០១៩ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦​និង​៣០​នាទី លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤_៤៥ ត្រង់​ចំណុច​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ​បានឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​HONDA DREAM ១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ឧ​.​មានជ័យ 1B-3846​បើកបរ​ដោយ ​ឈ្មោះ​ វិ​រៈ សុ​ម៉ា​នី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​(​របួសធ្ងន់​) អ្នករួមដំណើរ ​ឈ្មោះ ឃឹម សុ​ឃី​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន​(​ស្លាប់​)។

រថយន្ត​បង្ក​ម៉ាក​TOYOTA LEXUS 300 ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 2AL-2506 ​ពាក់​ស្លាក​យីហោ​(​នាគ​ឆ្លង​ខេត្ត​) អ្នកបើកបរ​​​ ឈ្មោះ សាន តយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ត្រ​យាប សង្កាត់/ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ប្រាប់ថា ​មុនពេល​គ្រោះថ្នាក់ រថយន្ត​(​នាគ​ឆ្លង​ខេត្ត​)​ បង្ក​បើកបរ​ ក្នុង​ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​ប្រជែង​រថយន្ត​០១​គ្រឿង​ទៀត​ដែល​បើក​នៅ​ពីមុខ។ ពេល​កំពុង​ប្រជែង​ ស្រាប់តែ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​បើកបរ​ប្រកាន់​ស្តាំ​បាន​បើកបរ​មកដល់ ក៏​ត្រូវ​អ្នកបើកបរ​រថយន្ត​នាគ​ឆ្លង​ខេត្ត​ បុក​ចំ​ពីមុខ​ពេញទំហឹង​​បណ្តាលឲ្យ​ខ្ទាត​ម៉ូតូ​ និង​អ្នកជិះ​ពីក្រោយ​ ផ្លោង​ធ្លាក់​ចូល​ទៅក្នុង​ព្រែក​ស្លាប់​តែម្តង។​ ចំណែក​អ្នកបើក​ម៉ូតូ​របួសធ្ងន់​នៅលើ​ផ្លូវជាតិ​។​

ចំពោះ​អ្នកបើកបរ​រថយន្ត​មាន​សភាព​ស្រវឹងស្រា​ជោកជាំ ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​។ ​ក្រោយពី​បង្ក​គ្រោះថ្នាក់​ នគរបាល​ចរាចរណ៍​ស្រុក​ បាន​ចុះទៅ​កន្លែង​កើតហេតុ​ ហើយ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​យក​សព​ជនរងគ្រោះ​ទៅ​ធ្វើ​បុណ្យ ចំណែក​រថយន្ត​បង្ក​ និង​តៃកុង​រួម​នឹង​ម៉ូតូ​ជនរងគ្រោះ ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu