Ad Code

ប្រទេស​នី​ហ្សេ​រី​យ៉ា​ផ្អាក​ការបោះឆ្នោត​ប្រធានាធិបតី​រយៈពេល​១​សប្តាហ៍



ក្រុម​ឃ្លាំមើល​ការបោះឆ្នោត​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​នៅ​ថ្ងៃ​សៅរ៍​បាន​ពន្យារពេល​ការបោះឆ្នោត​ប្រធានាធិបតី​និង​សភា​រយៈពេល​មួយ​សប្ដាហ៍​ដែល​ការពន្យា​ពេលនេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនពេល​ការបោះឆ្នោត​នឹងត្រូវ​បើក។

ការបោះឆ្នោត​គ្រោង​នឹង​ចាប់ផ្ដើម​នៅឯ​ការិយាល័យ​បោះឆ្នោត​ជិត​១២០,០០០​ការិយាល័យ​នៅក្នុង​ប្រជាជាតិ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​របស់​ទ្វីបអាហ្វ្រិក​មួយ​នេះ​នា​វេលា​ម៉ោង​៧​ព្រឹក​ខណៈ​មាន​បេក្ខជន​ក្នុង​ចំនួន​កំណត់ត្រា​៧៣​នាក់​បាន​ចូលរួម​ប្រកួតប្រជែង​។​

លោក​ប្រធានាធិបតី Muhammadu Buhari កំពុង​ស្វែងរក​អាណត្តិ​ទី​ពីរ​ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការប្រកួតប្រជែង​ដ៏​តឹងតែង​ពី​បេក្ខជន​បក្សប្រឆាំង​ដ៏​ធំ​គឺ​អតីត​អនុ​ប្រធានាធិបតី Atiku Abubakar ។​



ប៉ុន្តែ​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឯករាជ្យ (INEC) លោក Mahmood Yakubu បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​បន្ទាន់​ពេលយប់​ជ្រៅ​ថា កាលវិភាគ​នេះ​គឺ​មិនអាច​ធ្វើទៅ​បានទេ​។​

លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​របស់ INEC ថា “​ហេតុ​ដូច្នេះហើយ គណៈកម្មការ​បានសម្រេច​កំណត់​កាលបរិច្ឆេទ​ជាថ្មី​ទៅ​ថ្ងៃ​សៅរ៍​ទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០១៩”​។​

ការបោះឆ្នោត​សភា​សម្រាប់​អាសនៈ​ចំនួន​៣៦០​នៅក្នុង​សភា​ជាន់​ទាប​និង​អាសនៈ​១០៩​នៅក្នុង​ព្រឹទ្ធសភា​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ដូចគ្នា​នោះ​។​

លោក Yakubu បាន​ថ្លែងថា ការបោះឆ្នោត​តំណែង​អភិបាល​និង​សភា​រដ្ឋ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៩​ខែមីនា​។ លោក Yakubu បាន​និយាយថា ការពន្យារ​ពេលនេះ​បាន​កើតឡើង​ក្រោយពី​មានការ​ត្រួតពិនិត្យ​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើ​ការអនុវត្ត​ផែនការ​ដឹកជញ្ជូន​និង​ផែនការ​ប្រតិ​ប​តិ្ត​និង​ការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌​និង​គួរ​ឲ្យ​ទុកចិត្ត​។​

លោក​បាន​បន្ថែមថា “​វា​នឹង​ផ្តល់​លទ្ធភាព​ដល់​គណៈកម្មកា​រ​នូវ​ឱកាស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​គោលបំណង​ដើម្បី​រក្សា​គុណភាព​នៃ​ការបោះឆ្នោត​របស់​យើង​”​។​

លោក​បាន​និយាយថា “​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​លំបាក​មួយ​សម្រាប់​គណៈកម្មកា​រ​ប៉ុន្តែ​វា​ជាការ​ចាំបាច់​សម្រាប់​ការបោះឆ្នោត​ប្រកបដោយ​ភាពជោគជ័យ​និង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu