Ad Code

តំណាង​ លោក ហ៊ុន ម៉ា​នី វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តមណ្ឌលគិរី ដែល​បំពេញការងារ​នាពេល​កន្លងមក​



​រតនគិរី​ ៖ តំណាង​ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, លោក ថង សាវុន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក និង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ រួមជា​មួយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​ជាមួយ ស​.​ស​.​យ​.​ក ខេត្ត​មណ្ឌលគិរី និង​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត ស​.​ស​.​យ​.​ក តំណាង​ទូទាំងប្រទេស​លើក​ទី​៤​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ថង សាវុន បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ នៃ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ខេត្ត​មណ្ឌលគិរី​ទាំងមូល ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ ចិត្ត​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ទទួលបាន​លទ្ធផល​យ៉ាង​ផ្កែ​ផ្កា​គួរ​ជាទី​មោទនៈ​។​

​ដើម្បី​ចូលរួមចំណែក​បង្កើន​ប្រសិទ្ធភាព នៃ​បេសកកម្ម​របស់​ស​.​ស​.​យ​.​ក ខេត្ត ជាពិសេស​ស្របតាម​ស្មារតី នៃ​សេចក្ដីសម្រេចចិត្ត​របស់​មហាសន្និបាត តំណាង​ទូទាំងប្រទេស​លើក​ទី​៤ លោក ថង សាវុន ក្នុងនាម​គណៈកម្មាធិកា​រ​កណ្តាល បាន​រំលឹក​បន្ថែម​ពី​មតិ​ផ្ដាំផ្ញើ​ នៃ​ភារកិច្ច​ធំៗ​ពីរ ក្នុង​សុន្ទរកថា​បើក​មហាសន្និបាត​លើក​ទី​៤ របស់​ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ​។​

​ក្នុងនោះ​ទី​១ ៖ ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​មាតុភូមិ ឲ្យ​ក្លាយ​ជា​ប្រទេស​រីកចម្រើន​ក្នុង​តំបន់ ជា​សង្គម​ប្រកបដោយ​អារ្យធម៌ និង​សេចក្តីស្រលាញ់ គ្មាន​ការ​កើត​ឡើង​វិញ​នូវ​សង្គ្រាម របប​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូច​ពី​អតីតកាល​ទៀតឡើយ​, ទី​២៖​សមាជិក សមាជិកា ស​.​ស​.​យ​.​ក ម្នាក់ៗ​ត្រូវខិតខំ​រៀនសូត្រ​លត់ដំ​ខ្លួន ក្នុង​ចលនា​របស់​ប្រជាជន​មហាជន ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ នាពេល​អនាគត ដែលមាន​ស្មារតី ស្នេហា​ជាតិ បរិសុទ្ធ មាន​សមត្ថភាព មានគុណ​ភាព និង​ឆន្ទៈ​មោះមុត ក្នុងការ​ថែរក្សា​ឯករាជ្យភាព អធិបតេយ្យភាព បូរណ​ភាព​ដែនដី ឲ្យ​បាន​រឹងមាំ ក្នុង​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​លោក ថង សាវុន ក៏បាន​ជំរុញ​ឲ្យ​យុវជន​ត្រូវអនុវត្ត​នូវ​ប្រសាសន៍​ដ៏​មាន​អត្ថន័យ និង​ស៊ីជម្រៅ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ក្នុងនោះ​ស​.​ស​.​យ​.​ក ត្រូវ​ចូលរួម​ក្តាប់​ឲ្យ​ជាប់​នូវ​សន្តិភាព ស្ថិរភាព និង​ចូលរួមចំណែក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឈានទៅរក​ការសម្រេច​ឲ្យ​បាន នូវ​គោលដៅ​រួម​របស់​កម្ពុជា គឺជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​បន្ថែម​ពីលើ​នេះ លោក​បានផ្តល់​អនុសាសន៍ អាទិភាព​មួយចំនួន ដល់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ខេត្ត​ទាំងមូល​ឲ្យ​បន្ត​យក​ទុកចិត្ត​ទុកដាក់​ចំណុច​សំខាន់ៗ រួមមាន ​៖ បន្ត​រៀបចំ និង​អនុវត្ត​ផែនការ​សកម្មភាព​ស​.​ស​.​យ​.​ក​. ខេត្ត ដោយមាន​ការតាមដាន​ជាប្រចាំ​ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្ដែង​របស់​ខេត្ត ធ្វើយ៉ាងណា​ឲ្យ​ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ស​.​ស​.​យ​.​ក «​ចលនា​យុវជន​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ២០១៨- ២០២៣» ដែលជា​ទិសដៅ​ការងារ​ស​.​ស​.​យ​.​ក​. សម្រាប់​អាណត្តិ​ថ្មី ដែល​ទទួលបាន​ការអនុម័ត​ពី​មហាសន្និបាត​លើក​ទី​៤ ដោយមាន​ការផ្សារភ្ជាប់​ជាប្រចាំ​ជាមួយ​លេខាធិការដ្ឋាន ស​.​ស​.​យ​.​ក ថ្នាក់កណ្តាល ដើម្បី​ធានា​នូវ​សង្គតិភាព​ការងារ​ជារួម​របស់​ស្ថាប័ន​។​

​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​រៀបចំ «​វគ្គ​បំប៉ន​ថ្នាក់​ទី​១២» ឲ្យ​បាន​ផុសផុល និង​កាន់តែ​ទូលំ​ទូលាយ​ដើម្បី​ផ្ដល់ឱកាស​ដល់​ប្អូនៗ​សិស្សានុសិស្ស ដែល​កំពុង​ត្រៀមខ្លួន​ក្នុង​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នាពេល​ខាងមុខនេះ អាច​ទទួលបាន​ជោគជ័យ​ជាមួយ​បរិមាណ​ច្រើន ប្រកបដោយ​គុណភាព​ពិតប្រាកដ ក្នុង​គោលបំណង​ចូលរួម​កសាង​ធនធាន​យុវជន​បន្តវេន ដែល​ជា​សសរទ្រូង​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​នាពេល​អនាគត​។​

​បន្ត​ពង្រឹង​នូវ​រចនាសម្ព័ន្ធ​របស់​ខ្លួន និង​របៀបរបប​ការងារ ជាពិសេស​ការរក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​របស់ខ្លួន និង​ខិតខំ​ពង្រឹង និង​ពង្រីក​នូវ​រចនាសម្ព័ន្ធ​បន្ថែមទៀត នៅតាម​មូលដ្ឋាន និង​ស្ថាប័ន​ជុំវិញ​ខេត្ត​ផ្សេងៗ​ទៀត​។ បន្ថែម​ពីលើ​នោះ គណៈកម្មាធិការ​ខេត្ត​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​ពង្រឹង​នូវ​អត្តសញ្ញាណ ស​.​ស​. យ​.​ក ជា​រួម​ដែល​តាមរយៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល កាលពី​ថ្ងៃទី​២៣-២៤ ខែកញ្ញា ឆ្នាំ​២០១៦ នាពេល​កន្លងមក បានសម្រេច​ជ្រើសរើស​យកពាក្យ​ស​.​ស​.​យ​.​ក ជឿ​ជាក់​លើ​កម្ពុជា ជា​ពាក្យស្លោក​របស់ខ្លួន​។​

​ការពង្រឹង និង​ពង្រីក​នូវ​សមាជិក ស​.​ស​.​យ​.​ក ឲ្យ​បាន​ទាំង​បរិមាណ និង​គុណភាព​។ ក្នុងន័យនេះ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ពន្យល់​ណែនាំ​ឲ្យ​យុវជន និង​សមាជិក សមាជិកា ទាំងអស់​យល់​ពី​បុព្វហេតុ​រួម​របស់ ស​.​ស​.​យ​.​ក គុណ​តម្លៃ នៃ​សកម្មភាព​នីមួយៗ របស់​យើង​ដែល​បានធ្វើ​កន្លងមក​។

ដូចគ្នានេះ គប្បី​ពន្យល់​ណែនាំ​សមាជិក សមាជិកា និង​យុវជន​ទូទៅ​ឲ្យ​យល់ដឹង​ពី​មូលហេតុ ឬ​គុណ​តម្លៃ​នៃ​សកម្មភាព ដែល​គណៈកម្មាធិការ ស​.​ស​.​យ​.​ក ខេត្ត​ខ្លួនឯង​រៀបចំឡើង ឬ​សកម្មភាព​ដែល​យើង​ចូលរួម​ធ្វើជា​មួយ​ស្ថាប័ន​ដទៃ ឬ​សកម្មភាព​នានា​របស់ ស​.​ស​.​យ​.​ក ថ្នាក់កណ្តាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu