Ad Code

រថយន្ត​ធុន​ធំ​២​គ្រឿង​ បុក​គ្នា​កណ្ដាល​យប់ បង្ក​ឲ្យ​​មនុស្ស​៤​នាក់ ​រង​របួស​ធ្ងន់​ និង​ស្រាល



កំពង់ឆ្នាំង ៖ មនុស្ស​៤​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​មាន​រថយន្ត​ធុន​ធំ​២​គ្រឿង ​បាន​បុក​គ្នា​នៅ​ពេល​យប់។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​នៅវេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ទៅ​ចំណុច​ផ្លូវ​កោង​បឹង​ខ្នារ​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣១ និង​១៣២ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យ​ដឹង​ថា​ រថយន្ត​ទី​១​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D 9166 បើកបរ​ដោយ​ ឈ្មោះ រាជ រដ្ឋា អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​លំផាត់ ឃុំ​អូរជ្រៅ ស្រុក​កំរៀង ខេត្ត​បាត់ដំបង បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ជាមួយ​រថយន្ត​ទី​២​ ម៉ាក​ហ្វុ​យ​ស៊ូ ពណ៌​មាស​ ពាក់​ស្លាក​លេខ តាកែវ 3A 0887 បើកបរ​ដោយ​ ឈ្មោះ ទូ ដា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​គោក​ឋាន ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់ ​ដែលជា​អ្នកបើកបរ និង​ព្រូ​រថយន្ត បាន​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​អ្នក​របួសធ្ងន់​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។

ដោយឡែក រថយន្ត​ធុន​ធំ​ទាំង​២​គ្រឿង​ បាន​រង​ការ​ខូចខាត​ធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​នាំ​យក​មក​រក្សា​ទុក ដើម្បី​ការ​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​។ ករណី​គ្រោះថ្នាក់​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ទំនងជា​អ្នកបើកបរ​បើក​ងោក នៅ​ផ្លូវ​កោង​ ទើប​បុក​គ្នា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដូច​ខាង​លើ​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu