Ad Code

ជីវប្រវត្តិ​សង្ខេប​របស់​កវីនិពន្ធ​ខ្មែរ​ដ៏​ល្បីល្បាញ​ លោក ​នួន ​កន

ភ្នំពេញ ៖ លោក​ នួន កន​ ត្រូវ​បាន​មហាជន​ទូទៅ​ទទួល​ស្គាល់​ថា គឺជា​កវីនិពន្ធ​ខ្មែរ​មានឈ្មោះ​ល្បី​ល្បាញ​មួយ​រូប ​តាមរយៈ​ទឹក​ដៃ​និពន្ធ​បទ​ចម្រៀង​«​សាវតារ​ខ្មែរ​»។

លោក​សាស្ត្រាចារ្យ នួន កន កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៣៤ ក្នុង​ក្រុងភ្នំពេញ ហើយ​លោក​គឺជា​សាស្ត្រាចារ្យ​នាដ​សាស្ត្រ នៃ​មហាវិទ្យាល័យ វិចិត្រ​សិល្បៈ​ភ្នំពេញ​ និង​បាន​ចូល​ជា​សមាជិក​អ្នកនិពន្ធ​ខ្មែរ​តាំងពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​១៩៥៨។

លោក នួន កន​ បាន​ទទួល​អាហារូបករណ៍​អាមេរិកាំង មូលនិធិ​អាស៊ី (Asia Foundation) នៅ​ភ្នំពេញ។ នៅ​ឆ្នាំ​១៩៦១-១៩៦៥ លោក​ នួន កន​ បាន​ទៅ​រៀន​សិល្បៈ​នាដកម្ម និង​ការដឹកនាំ​រឿង​ល្ខោន​នៅ​ប្រទេស​បារាំង​ ក្រោម​ការដឹកនាំ​របស់​គ្រូ Pierr Valde ចាងហ្វាង​សាលា​ល្ខោន​ឈ្មោះ Teartre Traoin។ នៅ​ឆ្នាំ​១៩៦៦-១៩៦៧ លោក​ នួន កន​ បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​វិទ្យាស្ថាន​សិក្សា​ល្ខោន​នាដកម្ម (Institude détudes théatrale) នៅ​សកលវិទ្យាល័យ​ប៉ារីស​ទី​៣​ស្ហោ​បោ​ន (Paris III Sorbonne) ប្រទេស​បារាំង។ នៅ​ឆ្នាំ​១៩៦៧-១៩៦៨ លោក ​នួន កន​ បាន​ទៅ​សិក្សា​នៅ​មជ្ឈមណ្ឌល​សកលវិទ្យា​ល័យ​អន្តរជាតិ​ខាង​ការអប់រំ​សិក្សា ​និង​ស្រាវជ្រាវ​សិល្បៈ​នាដ​សាស្ត្រ CUIFERD នៅ Nancy ប្រទេស​បារាំង ហើយ​លោក​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ជាន់ខ្ពស់​សិក្សា​នាដកម្ម។

បន្ទាប់មក​ក៏បាន​ត្រឡប់​មក​ភ្នំពេញ​ដើម្បី​បំពេញការងារ​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ វិចិត្រ​សិល្បៈ​ភ្នំពេញ​ដដែល។ នៅ​ឆ្នាំ​១៩៧៤-១៩៧៦ លោក​បាន​ទទួល​អាហារូបករណ៍​អាមេរិកាំង មូលនិធិ​ជប៉ុន (Japan Foundation) នៅ​តូ​ក្យូ ដើម្បី​ស្រាវជ្រាវ​ល្ខោន​បុរាណ ណូ (No)។ បន្ទាប់ពី​ខ្មែរ​ក្រហម​មកកាន់​អំណាច​នៅ​ភ្នំពេញ​លោក​ នួន កន​ មិន​អាច​ចូល​កម្ពុជា​វិញ​បាន ​គាត់​ក៏បាន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​រហូត​ដល់​ឆ្នាំ​១៩៩១​ ទើប​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​ជប៉ុន ​ជាមួយ​ភរិយា​ជា​ជន​ជាតិ​ជប៉ុន។ នៅ​ឆ្នាំ​១៩៩៣ ដល់​១៩៩៦ មហាវិទ្យាល័យ​ជាតិ​ខាង​ភាសាបរទេស (Tokyo Gaikokugo Daigaku) នៅ​តូក្យូ​បាន​ទទួល​លោក​ឲ្យ​ធ្វើជា​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​ លុះ​ពេល​លោក​ចូលនិវត្តន៍ លោក ​នួន កន ​ក៏បាន​ត្រឡប់​ទៅ​រស់នៅ Long Beach សហរដ្ឋអាមេរិក​វិញ។

បើ​ទោះ​បី​ជា​នៅ​សហរដ្ឋអាមេរិក​ក្តី​ ឬ​នៅ​ជប៉ុន​ក្ដី លោក​ជា​អ្នកការពារ​រក្សា​វប្បធម៌ អរិយធម៌​ខ្មែរ​យ៉ាងសកម្ម​ទាំង​ផ្នែក​សមាគម​ខ្មែរ ទាំង​ផ្នែក​មនុស្សធម៌។

លោក​ នួន កន​ ក៏​ជា​សិស្ស​របស់​លោក​ ហង្ស ធុន​ហាក់ ជំនាន់​លោក ហង់ ជួន និង​លោក​ឆេង ផុន។ លោក ​នួន កន​ បាន​ទទួល​អនិច្ចកម្ម នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០០២ វេលា​ម៉ោង​៩​ព្រឹក ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៨​ឆ្នាំ នៅ​ឡុងប៊ិច សហរដ្ឋអាមេរិក។ *​ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន​ដូចជា​ រឿងល្ខោន និង​សិក្សា​ក​ថា ដូច​បាន​ជម្រាប​ជូន​ខាង​ក្រោម ​៖

១. ស្នាដៃ​ពិសេស​មួយ​របស់​លោក នួន កន គឺ​លោក​បាន​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ជាតិ សាវតារ​ខ្មែរ ដែល​យើង​គ្រប់គ្នា​ច្រឡំ​ថា ជា​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជ ជួន ណាត។ បទ​នេះ​បាន​និពន្ធ​ឡើង​នៅ​ថ្ងៃ​១២ ខែ​កញ្ញា ឆ្នាំ​១៩៥៨ ដោយ​លោក នួន កន យក​តាម​លំនាំ​បទ​បុរាណ​ខ្មែរ ដែល​មាន​ឈ្មោះថា ស្រី​ខ្មែរ​ត្បាញ បាន​យក​ទៅ​ប្រកួត​ក្នុង​ទិវា​មហោស្រព​ជាតិ ឆ្នាំ​១៩៥៨ បាន​ទទួល​រង្វាន់​ពានមាស​ពី​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរតន៍ សិរី​វ​ឌ្ឍ​នា។

២. កម្រង​សិល្បៈ​សិក្សា ទំនុកច្រៀង និង​អក្សរ​ភ្លេង ឆ្នាំ​១៩៥៩ មាន​៣៦​ទំព័រ។​

៣. រឿង​ឧក្រិដ្ឋកម្ម និង​ទណ្ឌកម្ម ជា​រឿងល្ខោន ដែល​ប្រែ​សម្រួល​ដោយ​លោក នួន កន និង អ៊ុក សុជាតិ នា​ឆ្នាំ​១៩៧៣ មាន​៧០​ទំព័រ។​

៤. រឿង​ផ្កា​កណិការ ជា​រឿងល្ខោន សម្រួល​ពី​រឿង​កាកី បោះពុម្ព​នៅ​កាលី​ហ្វ​រ​នី​ញ្ញ៉ា ឆ្នាំ​១៩៨២ មាន ៤២​ទំព័រ។​

៥. សភាព​ខ្លះ​នៃ​អក្សរសាស្ត្រ​ខ្មែរ គឺជា​សិក្សា​កថា តូ​ក្យូ ១៩៩៧។

៦. កម្រង​អត្ថបទ​សិក្សា​កថា នៅ​ឡុង​ប៊ិច ឆ្នាំ​១៩៩៩ មាន​៤២​ទំព័រ។​

៧. រឿង​ព្រលឹង​ចងពៀរ ជា​រឿងល្ខោន (​ខ្សែអាត់​សំឡេង​) នៅ​ឡុង​ប៊ិច ឆ្នាំ​១៩៩៩ ។

៨. រឿង​ព្រលឹង​យុត្តិធម៌ ជា​រឿងល្ខោន (​ខ្សែអាត់​សំឡេង​) នៅ​ឡុង​ប៊ិច ឆ្នាំ​១៩៩៩។

៩. រឿង​រទេះដឹក​ឥដ្ឋ ប្រែ​សម្រួល​ពី​នាដកម្ម​សំស្ក្រឹត ដែល​បាន​ប្រែជា​ភាសា​បារាំង ឆ្នាំ​២០០០ មាន ១១៣​ទំព័រ៕




ជីវប្រវត្តិ​សង្ខេប​របស់​កវីនិពន្ធ​ខ្មែរ​ដ៏​ល្បីល្បាញ​ លោក ​នួន ​កន

Post a Comment

0 Comments

Close Menu