ប្រដាល់ ៖ អ្នកប្រដាល់កម្ពុជា២រូប ត្រៀមជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នៅលើសង្វៀនSEA-TV នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥នេះ។ ក្នុងនោះ ព្រំ សំណាង អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ គេនឹងជួបជម្រះបញ្ជីជាមួយអ្នកប្រដាល់ថៃឈ្មោះToum Tam ដោយប្រកួត ក្នុងទម្ងន់៧៥គីឡូក្រាម។ ព្រំ សំណាង ជាជើងខ្លាំងម្នាក់ដែររបស់កម្ពុជា ហើយគេក៏ធ្លាប់ប្រកួតជាមួយបរទេសច្រើនដងហើយដែរ ដោយឈ្នះច្រើនជាងចាញ់។
Toum Tam នេះ ធ្លាប់ជួបប្រកួតជាមួយ ព្រំ សំណាង ម្ដងហើយ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងមក ដោយប្រកួតស្មើពិន្ទុគ្នា។ បើតាមប្រវត្តិប្រកួតរបស់គេ មិនជាអន់ទេ ដោយធ្លាប់ឆ្លងកាត់ប្រកួតចំនួន៧៩លើក ក្នុងនោះវាយឈ្នះ៦៣លើកទៅហើយ ចាញ់១៥លើក និងស្មើ០១លើក។
ចំពោះអ្នកប្រដាល់កណ្ដាប់ដៃខ្លាំង និងកែងឆេះ ព្រំ សំណាង វិញ គេប្រកួតបាន៧០លើក តិចជាង Toum Tam ០៩លើកប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ៦០លើក ចាញ់០៨លើក និងស្មើ០២លើក។ គេប្រកួតជាមួយអ្នកប្រដាល់ថៃលើកចុងក្រោយ គឺវាយស្មើជាមួយ Toum Tamនេះឯង។
ចាំមើល ឡើងប្រកួតលើកនេះ ព្រំ សំណាង អាចយកឈ្នះអ្នកប្រដាល់ថៃToum Tam បាន ឬអត់? ម៉ន ព្រំម៉ាញ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះPhun Savath។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
អ្នកប្រដាល់ ម៉ន ព្រហ្មម៉ាញ ជាលើកទី១របស់គេហើយ ដែលជួបប្រកួតជាមួយអ្នកប្រដាល់ថៃនេះ មិនដឹងថាយ៉ាងណានោះទេ ព្រោះថាគេពុំធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសនោះ។ ព្រំម៉ាញ មួយរយះចុងក្រោយនេះ គេកាន់តែមានការឈានឡើង ដោយ៦ប្រកួតចុងក្រោយនេះ គេវាយពុំដែលចាញ់ឡើយ។ ប្រកួតចុងក្រោយគេនេះ ព្រំម៉ាញ វាយឈ្នះ ហ៊ែល វ៉ា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ។
បើតាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់SEA-TVឲ្យដឹងនោះថា អ្នកប្រដាល់ថៃPhun Savath មិនជាខ្លាំងប៉ុន្មានទេ គ្រាន់តែគេមានប្រវត្តិប្រកួតច្រើនជាង ព្រហ្មម៉ាញ ជិត១០ដងប៉ុណ្ណោះ។
លោក សុធី បន្តថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតបាន៦៥លើក ឈ្នះ៦១លើក ចាញ់០៤លើក និងមិនដែលស្មើ បើប្រៀបជាមួយ ម៉ន ព្រហ្មម៉ាញ ដែលប្រកួតបាន៥៤លើក ឈ្នះ៥០លើក ចាញ់០៣លើក និងស្មើ០១លើកនោះ គឺច្រើនជាង១១លើក។ ចាំមើល អ្នកប្រដាល់ ម៉ន ព្រហ្មម៉ាញ ប៉ះជាមួយអ្នកប្រដាល់ថៃ Phun Savath នេះ តើជួបសំណាងល្អ ឬមួយជួបសំណាងអាក្រក់នោះ?
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ថៃ រិទ្ធី អ្នកប្រដាល់ក្លិបនាគរាជគុនខ្មែរ នឹងជួបសាកកណ្ដាប់ដៃជាមួយ ឡេះ តើក អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ដោយប្រកួតក្នុងទម្ងន់៦៩គីឡូក្រាម។
ថៃ រិទ្ធី ជាអ្នកប្រដាល់ស្រករក្រោយ បើប្រៀបធៀបជាមួយ ឡេះ តើក គឺចាញ់ ឡេះ តើក ឆ្ងាយណាស់។ ឡេះ តើក មួយរយះចុងក្រោយនេះ គេវាយពុំដែលចាញ់ឡើយ។ ប្រកួតចុងក្រោយគេនេះ ឡេះ តើក បានផ្ដួល ផង់ សុភាព អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ក្នុងទឹកទី២ នាជំនួបថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥។
ឡេះ តើក គេក៏ជាអ្នកប្រដាល់ជើងចាស់ និងជាជើងខ្លាំងម្នាក់ដែរ។ អ្នកប្រដាល់រូបនេះ ប្រកួតមិនដែលចាញ់ទេ ក្នុងចំណោម១៥ប្រកួតចុងក្រោយនេះ។ សម្រាប់ការជួបគ្នារវាង ថៃ រិទ្ធី និង ឡេះ តើកនេះ ត្រូវបានគេរំពឹងថា ជ័យជំនះអាចនឹងធ្លាក់ទៅលើ ឡេះ តើក ដោយសារតែ តើក មានតិចនិក និងល្បិចកលច្រើនជាង ថៃ រិទ្ធី។ ដូច្នេះ ចាំមើល តើដូចគេទស្សន៍ទាយ ឬអត់? ថៃ រិទ្ធ ប្រកួតចុងក្រោយនេះ វាយចាញ់ វ៉ាន់ ចាន់វ៉េត ក្លិបព្រះខ័នរាជក្នុងទឹកទី៣។
សាត ពុទ្ធីសូត្រ អ្នកប្រដាល់ក្លិបគុនខ្មែរអង្គរ ត្រូវជួបប្រកួតជាមួយ សំខាន់ ពិសី អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក។ ពីរនាក់នេះ មិនដែលប៉ះគ្នាទេសម្រាប់ការប្រកួតនៅភ្នំពេញនេះ៕
ព្រំ សំណាង និង ម៉ន ព្រហ្មម៉ាញ ត្រៀមស្វាគមន៍អ្នកប្រដាល់ថៃនៅSEA-TV
0 Comments