Ad Code

ធន់​ ចាន់​តាក់ ជួប​ថៃ Phek Thieng ខណៈ ​ខាំ ផានី ជួប​បារាំង​Naser



​ប្រដាល់ ៖ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ Phek Thieng ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​នៅ​លើ​សង្វៀន​Ganzberg Top Fighter របស់​SEATV នា​យប់​ថ្ងៃ​សៅរ៍ ​ទី​២៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​

ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​ជាង​២០​នាក់​ទាំង​លើក​នេះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុង​ក្រោយ​នៅ​សង្វៀន​SEATV​នេះ​(០៩​កញ្ញា​២០១៨) គេ​បាន​វាយ​ឈ្នះ​ថៃ​Soun Tepheap ដោយ​ពិន្ទុ។​

ធន់ ចាន់​តាក់ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៧០​លើក ក្នុង​នោះ​វាយ​ឈ្នះ​៥៨ ចាញ់​១២​លើក មិនដែល​ស្មើ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែល​មាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ចាន់​តាក់ ​អាច​យកឈ្នះ Phek Thieng បាន​ឬក៏​អត់​នោះ​ទេ​?។​

Phek Thieng ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ​។ ​ដូច្នេះ​ ធន់ ចាន់​តាក់​ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​មាន​ស្នៀត​ប្រដាល់​ល្អ ​និង​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ ដែល​ការ​មក​ប្រកួត​លើក​ចុងក្រោយ​នេះ​(០៩​កញ្ញា​២០១៨) គេ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​Wurkz ជាមួយ ​ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ហើយ​វាយ​ចាញ់​ សំណាង ដោយ​ពិន្ទុ។​ ដូច្នេះ Phek Thieng គេ​ជា​ជើងឯក​រង។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥៥​លើក​ចាញ់​១០​លើក​មិនដែល​ស្មើ។ ចាំ​មើល រវាង​ ធន់ ចាន់​តាក់ និង Phek Thieng តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

ខាំ ផាន់​នី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​បារាំង​Naser។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ខាំ ផានី ពុំ​អាច​យកឈ្នះ Naser នោះ​ឡើយ​។​

Naser គេ​វាយ​ខ្លាំង និង​មាន​ស្នៀត​ប្រដាល់​ល្អ​ថែមទៀត។ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ ដែល​ការ​មក​លើកចុងក្រោយ​(០៦​តុលា​២០១៨) Naser​ បាន​ផ្ដួល​យកឈ្នះ​តូច ទូ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ក្នុង​ទឹក​ទី​២។​

យ៉ាងណា ខាំ ផានី គេ​ក៏​ខ្លាំង​គួរសម​ដែរ។ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ម្នាក់​នេះ វាយ​មិន​ដក​ដៃ​ទេ ហើយ​ស្នៀត​ប្រដាល់​របស់គេ ក៏​ល្អ​ដែរ។​ គេ​ឡើង​ប្រកួត​ចុងក្រោយ​នេះ បាន​ផ្ដួល​ជើងចាស់ វ៉ែន សុវណ្ណ ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្ត​បាត់ដំបង​ក្នុង​ទឹក​ទី​២។​

ខាំ ផានី មាន​ប្រវត្តិ​ប្រកួត​ទើបបាន​២៥​លើក​ប៉ុណ្ណោះ ក្នុង​នោះគេ​វាយ​ឈ្នះ​២១​លើក ចាញ់​០៤​លើក និង​មិនដែល​ស្មើ​ឡើយ ។ ពេលនេះ ផានី ជួប​ជាមួយ​បារាំង​Naser ពុំ​ដឹងថា​អាច​ទប់ទល់​ជាមួយ​Naser បាន ​ឬ​អត់​នោះទេ​?។
​ ​
ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្ដើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុន​ស្រា​បៀ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ដែល​ជា​ការប្រកួត​សប្ដាហ៍​ទី​៤ លើក​ទី​២​របស់ ​គឿ​ម សុវណ្ណ​ឌឿ​ត , គួ​ន សុវណ្ណ , សៅ ប៊ុនធឿន និង លីន វណ្ណៈ។

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​២​នេះ គឺ​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ លីន វណ្ណៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ហើយ សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ គួ​ន សុ​វណ្ណៈ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ។​

រវាង​ គឿ​ម សុវណ្ណ​ឌឿ​ត និង លីន វណ្ណៈ​នេះ មិន​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក។ ពួកគេ​ទាំងពីរ សុទ្ធ​តែ​មាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់​ដូចគ្នា ដែល​មិន​មាន​នរណា​ហ៊ាន​មើលស្រាល​គ្នា​នោះ​ទេ ក្នុង​ការ​ជួប​គ្នា​លើកដំបូង​នេះ។​

ចាំមើល តើ​ក្នុងការ​ប្រកួត​រវាង គឿ​ម សុវណ្ណ​ឌឿ​ត និង លីន វណ្ណៈ តើ​អ្នកណា​រកបាន​៣​ពិន្ទុ​នោះ​?។​គឿ​ម សុវណ្ណ​ឌឿ​ត ប្រកួត​លើក​ទី​១ គេ​វាយ​ចាញ់ ​គួ​ន សុវណ្ណ ក្នុង​ទឹក​ទី​៤ ឯ​ការប្រកួត​លើក​ទី​១​របស់​លីន វណ្ណៈ គឺ​វាយ​ចាញ់ ​សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ។​

ចំពោះ ការជួបគ្នា រវាង ​សៅ ប៊ុនធឿន និង គួ​ន សុវណ្ណ វិញ​នោះ ពួកគេ​ទាំងពីរ​ធ្លាប់​ជួប​គ្នា​ម្ដង​ហើយ​កាលពី​៤​ឆ្នាំមុន ដោយ​ សៅ ប៊ុនធឿន​ ចាញ់ ​គួ​ន ​សុវណ្ណ​ ដោយ​ពិន្ទុ​។ ​ពីរ​នាក់​នេះ ឡើង​ប្រកួត​ជា​លើក​ទី​២ សម្រាប់​ការប្រកួត​ជម្រុះ​ដណ្ដើម​ប្រាក់​លាន​នេះ។​

ក្នុងការ​ប្រកួត​ជម្រុះ​លើក​ទី​១​នោះ សៅ ប៊ុនធឿន ឈ្នះ​លីន វណ្ណៈ ក្នុង​ទឹក​ទី​១។​ ចំណែក គួ​ន សុវណ្ណ គេ​ប្រកួត​លើក​ទី​១​វាយ​ឈ្នះ​ គឿ​ម សុវណ្ណ​ឌឿ​ត ក្នុង​ទឹក​ទី​៤។ ទោះជា​គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា​នរណា​ជា​អ្នកឈ្នះ​នោះ ក៏​គេ​រំពឹងទុក​ថា​ គួ​ន សុវណ្ណ ជា​អ្នក​ដែល​មាន​ប្រៀប​ឈ្នះ​លើ ​សៅ ប៊ុន​ធឿន ដែរ។​ ដូច្នេះ​ចាំ មើល ការប្រកួត​ជាក់ស្ដែង តើន​រណា​ជា​អ្នកឈ្នះ​នោះ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu