ភ្នំពេញ ៖ បច្ចុប្បន្ននេះ នៅតាមទីផ្សារគេសង្កេតឃើញបន្លែធម្មជាតិរបស់ខ្មែរយើងកំពុងពេញនិយមដោយសារអ្នកទិញយកទៅពិសា មានរសជាតិឆ្ងាញ់ និងមិនព្រួយបារម្ភខ្លាចប៉ះពាល់សុខភាពដូចបន្លែដែលគេដាក់ជីគីមី។
តាមប្រសាសន៍ លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្ននេះបន្លែធម្មជាតិរបស់ខ្មែរយើងត្រូវបានអ្នកទិញយកទៅពិសាយ៉ាងពេញនិយម ហើយលក់ដាច់ទៀតផង។
លោកប្រធានផ្សារបានបន្តថា បន្លែធម្មជាតិរបស់ខ្មែរយើងដែលគេដកតាមត្រពាំង និងរបងផ្ទះ និងតាមវាលស្រែនោះ គឺដូចជា ព្រលិត ក្រអៅឈូក ជំទល់ភ្នំ ផ្កា និងដៃកំប្លោក ម្អម ស្លឹកបាសជាដើម។បន្លែទាំងអស់នេះ គឺត្រូវបានប្រជាពលរដ្ឋលោកបេះត្រពាំងបឹងបួ និងក្នុងភូមិ។
លោក សាន់ ប៊ុនណា បញ្ជាក់ទៀតថា នៅផ្សារបន្លែច្បារអំពៅ គេនិយមទិញបន្លែធម្មជាតិមកដាក់លក់ ហើយពួកគេមិនយកបន្លែដែលនាំចូលពីប្រទេសជិតខាងឡើយ រួមទាំងប្រហុកផ្អកជាដើម។
ក្នុងនោះ ប្រជាពលរដ្ឋសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលបន្លែពីប្រទេសជិតខាងមកលក់តាមទីផ្សារផង។ ព្រោះបន្លែទាំងអស់នោះ គឺជាបន្លែមានដាក់សារជាតិគីមីច្រើនណាស់ និងនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅបរិភោគបង្កឲ្យមានកើតជំងឺរហូតដល់ស្លាប់ទៀតផង៕
Source: Kampuchea Thmey Daily
0 Comments