Ad Code

រថយន្ត​សំា​យ៉ុង​ ដឹក​ស៊ីម៉ងត៍ ​ព្រលះ​ម៉ូតូ​អូស​រ៉ឺម៉ក​ពីក្រោយ​ របួស​ធ្ងន់​ម្នាក់



បាត់ដំបង​  ៖ ​ជនរងគ្រោះ​ម្នាក់ ​​​បាន​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​ជួប​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង។

ហេតុការណ៍​ខាង​លើ​ សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​​ថា​ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ថ្មីៗ​នេះ​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ត្រង់​ចំណុច​ក្រុម​ទី​៦​ ភូមិ​វាល​ទ្រា​ ឃុំ​អូរ​តា​គី ​ស្រុក​ថ្មគោល​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​បង្កឡើង​ដោយ​រថយន្ត​លាយ​ស៊ីម៉ងត៍​ម៉ាក​សាំ​យ៉ុង​របស់​ក្រុមហ៊ុន​(​តាំង​ណាំ​សែ​ខន​ហ្គ្រី​ត​)​ បុក​ពីក្រោយ​ម៉ូតូ​អូស​រទេះ​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្ដង។

សមត្ថកិច្ច​បន្ត​ថា ​រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុង​(SAngyong) ​ពណ៌​ស​ ពាក់​ស្លាក​លេខ​បប​៥A.០០៤២​ មុន​កើតហេតុ​ បាន​បើកបរ​ពី​ទិស​ខាងត្បូង​ ឆ្ពោះ​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​បាន​បុក​ម៉ូតូ​អូស​រទេះដឹក​ធូប​លក់​ចំ​ពីក្រោយ​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់​០១​នាក់​(​ប្រុស​)​ ហើយ​រថយន្ត​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ចម្ងាយ​ប្រហែល​១៥០​ម​ ទើប​ឈប់​រថយន្ត​ទុកចោល ​ចុះ​​រត់​គេច​ខ្លួន​បាត់​តែម្ដង។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ ដោយសារ​តែ​រត់​គេច​ខ្លួន​បាត់​ហើយ​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ​អូស​រទេះ​ ក៏​មិន​ស្គាល់​ឈ្មោះ​ផង​ដែរ ​សន្លប់​បាត់ស្មារតី​ គ្រាន់តែ​ដឹង​ថា ​ជនរងគ្រោះ​នៅ​ខេត្ត​កំពង់ចាម ​បាន​បើកបរ​ម៉ូតូ​ម៉ាក​យ៉ា​មហា​(Yamaha)​ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ​។

បច្ចុប្បន្ន​ ករណីនេះ ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​ត្រឹមត្រូវ​ហើយ​ រថយន្ត​បង្ក ​និង​ម៉ូតូ​ជនរងគ្រោះ ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​បន្ត​តាម​នីតិវិធី។ ​ចំណែក​ជនរងគ្រោះ​ កំពុងតែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មិនទាន់​ដឹងថា ​មាន​ក្តីសង្ឃឹម​ ឬ​យ៉ាងណា​នោះទេ​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu