កាលពីថ្ងៃសុក្រ ប្រមុខមន្ទីរបញ្ចកោណលោក Patrick Shanahan បានព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តនៅក្នុងក្រុមចម្រុះដែលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ឲ្យជួយធានាសន្តិសុខក្នុងប្រទេសស៊ីរីនៅពេលទាហានអាមេរិកដកចេញ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសពីការបញ្ចប់ “រដ្ឋ Caliphate” របស់ក្រុម IS ក្នុងរយៈពេល២៤ម៉ោងខណៈកងកម្លាំងអារ៉ាប់និងឃើដដែលដឹកនាំដោយអាមេរិកជិតដណ្តើមបានទីតាំងចុងក្រោយរបស់ក្រុម IS នៅក្នុងប្រទេសស៊ីរី។
នៅពេលដែលទីបញ្ចប់ជិតមកដល់នោះ រដ្ឋមន្ត្រីការពារជាតិមកពី១៣ប្រទេសនៃសម្ព័ន្ធភាពប្រឆាំងនឹងក្រុមរដ្ឋឥស្លាមបានជួបប្រជុំគ្នានៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមូនិក។
លោក Shanahan ដែលជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិកបានសន្យាបន្តគាំទ្រដល់ការប្រយុទ្ធនេះប៉ុន្តែបានបន្តការគិតគូរទៅលើវិធីដែលនឹងអាចសម្រេចបាននៅពេលដែលកងកម្លាំងអាមេរិកដកចេញ។
លោកបាននិយាយថា “ខណៈពេលដែលកងទ័ពអាមេរិកនៅលើដីនៅប្រទេសស៊ីរីភាគឦសានបានថយចុះនោះ សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តចំពោះបុព្វហេតុរបស់ក្រុមចម្រុះរបស់យើងនោះគឺការកម្ចាត់ក្រុម ISIS ជាអចិន្ត្រៃយ៍ទាំងនៅតំបន់មជ្ឈឹមបូព៌ានិងនៅក្រៅពីនេះ”។
លោក Shanahan បានសន្យាថា សហរដ្ឋអាមេរិកនឹងរក្សានូវសមត្ថភាពប្រឆាំងភេរវកម្មរបស់ខ្លួននៅក្នុងតំបន់និងបន្តគាំទ្រដល់សមត្ថភាពរបស់ដៃគូក្នុងតំបន់ដើម្បីទប់ទល់នឹងសំណល់នៃក្រុម ISIS។ យ៉ាងណាក្តី លោកមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលវានឹងត្រូវធ្វើឡើងនោះទេ។
អ្នកប្រយុទ្ធក្រុម IS កំពុងជាប់នៅក្នុងតំបន់មួយមានផ្ទៃដីប្រហែលមួយគីឡូម៉ែត្រការ៉េនៅក្នុងការប្រយុទ្ធចុងក្រោយមួយលើទីតាំងដែលនៅសេសសល់របស់ក្រុមជីហាដនិយមនៅភាគឦសានប្រទេសស៊ីរី។
នៅពេលដែលពួកគេត្រូវបានកម្ចាត់ កងទ័ពអាមេរិកនឹងត្រូវដកចេញពីតំបន់ដែលគ្រប់គ្រងដោយពួកឃើដបន្ទាប់ពីលោក Trump កាលពីខែធ្នូបានប្រកាសដកទ័ពប្រហែល២,០០០នាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments