Ad Code

រថយន្ត​Nissan ចង្កូត​ស្ដាំ​ បុក​ម៉ូតូ​១​គ្រឿង ​ទិសដៅ​បញ្ច្រាស​គ្នា ស្លាប់​មនុស្ស​ម្នាក់



ព្រះសីហនុ ​៖​ រថយន្ត​ Nissan Diesel ប្រភេទ​បែន​ចង្កូត​ស្ដាំ​មួយ​គ្រឿង ​មិន​ដឹង​ជា​មាន​បញ្ហា​អ្វី​ឡើយ​ខណៈ​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ហើយ​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៥​ព្រឹក ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៨៧/១៨៨ ស្ថិតនៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ក្រោយ​បង្កហេតុ​ អ្នកបើកបរ​រថយន្ត​ បាន​រត់​គេច​ខ្លួន​បាត់ស្រមោល។

សមត្ថកិច្ច​មូលដ្ឋាន​ ដែល​ចុះ​ទៅដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ ម៉ាក Nissan Diesel ពណ៌​ខៀវ ពាក់​ស្លាកលេខ ចង្កូត​ស្តាំ ព្រះសីហនុ ៣-០៣៥៤ ទិសដៅ ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ។​ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេ​ចង្កូត មក​ខាងឆ្វេង​ដៃ​របស់ខ្លួន​ ចូលទៅ​បុក​ម៉ូតូ​០១​គ្រឿង ​ម៉ាក Honda-Dream ពណ៌​ខៀវ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FQ-២៧២២ ដែល មាន​ទិសដៅ​ផ្ទុយគ្នា បើកបរ​ដោយ ​ឈ្មោះ ហ៊ុំ រដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​៧០ ភូមិ​ការ​ធំ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ សមត្ថកិច្ច​បាន​និយាយទៀតថា ជន​រង​គ្រោះ​ដែល​រង​របួស ​ហើយ​ស្លាប់​នេះ​មាន ឈ្មោះ ហ៊ុំ រដ្ឋា អ្នកបើកបរ​ម៉ូតូ។​

បច្ចុប្បន្ន​ សាកសព​ កំពុង​រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ទាំងពីរ​យក​ទៅ​រក្សា​ទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu