Ad Code

ក្រសួង​ការងារ​ចាប់ផ្តើម​អនុវត្ត​ផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ដល់​មន្ត្រី​រាជការ​ទូទាំងប្រទេស



ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១៩​នេះ​ក្រសួង​នឹង​ចាប់ផ្តើម​អនុវត្ត​ផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ដល់​មន្ត្រីរាជកា​រ​នៅ​ទូទាំងប្រទេស​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​នៅ​កន្លែង​ការងារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។

លោក​បណ្ឌិត អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រីរាជការ​នេះ​នឹង​ជំរុញ​ឲ្យ​មន្ត្រីរាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​ទាំងអស់​ខិតខំ​បំពេញការងារ​កាន់តែ​សកម្ម​ថែមទៀត​ដែល​ជួយ​ធ្វើ​ឲ្យ​ផលិតភាព​ការងារ​ខ្ពស់​សំដៅ​លើកស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចំម្រើន​ថែមទៀត​។



លោក រដ្ឋមន្ត្រី បាន​បន្ត​ថា ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​នេះ​មន្ត្រីរាជការ​ទាំងអស់​នឹង​ទទួលបាន​នូវ​ការធានា​រ៉ាប់​រង់​ផ្នែក​គ្រោះថ្នាក់​ការងារ​ដែល​សំដៅ​ទៅលើ​គ្រោះ​ថ្នាក់លើ​រាងកាយ​ពេល​បំពេញការងារ គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ដែល​សំដៅ​ទៅលើ​ពេល​ធ្វើ​ដំណើរ​ចេញពី​លំនៅឋាន​ទៅ​កន្លែងធ្វើការ​ឬ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ដោយ​គ្មាន​ឈប់​ឬ​វាង​ទៅ​កន្លែង​ណា​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​និង​ជំងឺ​វិជ្ជាជីវៈ​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​ផ្សេងៗ​ដែល​មាន​មូលហេតុ​មកពី​ការងារ​ឬ​ពាក់ព័ន្ធ​នឹង​ការងារ​ទោះជា​ជំងឺ​នេះ​កើតឡើង​ក្នុងកំឡុងពេល​បំពេញការងារ​ឬ​ពេល​ណាមួយ​ក្រោយ​បំពេញការងារ​ក៏ដោយ​។

ចំណែក លោក រិ​ន មករា មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​០៧ ​ខែមីនា​ ឆ្នាំ២០១៩​ ដោយ​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ព្រោះថា​ របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​រាជកា​រ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ការចំណាយ​នៅពេល​ដែលមាន​ជួប​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​នៅពេល​ធ្វើដំណើរ​ទៅធ្វើ​ការងារ​និង​កើតឡើង​នៅ​កន្លែង​ការងារ​ដោយសារ​រដ្ឋ​ជា​អ្នក​ជួយ​ចេញថ្លៃ​សេវា​ព្យាបាល​ជំងឺ​ឬ​របួស​។

យ៉ាងណាក៏ដោយ​លោក​បានស្នើ​ឲ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ធ្វើ​យ៉ាង​ណា​ជួយ​ព​ន្លឿ​ន​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​នេះ ​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​មន្ត្រីរាជការ​ទទួលបាន​នូវ​អត្ថប្រយោជន៍​បាន​ពេញលេញ​ខណៈ​បច្ចុប្បន្ន​នេះ​ លោក​ទទួល​បាន​ប័ណ្ណ​ថែទាំ​សុខភាព​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ហៅ​កាត់​ថាប​.​ស​.​ស សម្រាប់​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​នានា​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស​ដោយ​ឥត​បង់ប្រាក់​។

លោក​បណ្ឌិត អ៊ិត​សំហេង បាន​លើក​ឡើង​តាម​របាយការណ៍​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ក្រសួង​បាន​ចុះបញ្ជី​របប​ថែទាំ​សុខភាព​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធជន​បាន​ចំនួន ៣២ ក្រសួង ស្ថាប័ន មាន​សមាជិក​សរុប​ចំនួន ៣១២ ៣០៦​នាក់ និង​មាន​អ្នក​ទៅប្រើ​សេវា​ចំនួន ២៥ ៨៥១ ដង​/​នាក់ និង​ចំណាយ​ថវិកា​សរុប​ចំនួន ២,៤៨​ប៊ី​លាន​រៀល​។​ បាន​ផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ​បាន​ចំនួន ២៥.៨៥១ ដង​នាក់ ក្នុងនោះ សម្រាលកូន​បាន​ចំនួន ៩០៥​នាក់។

គួរ​បញ្ជាក់​ថា ​ការ​ត្រៀម​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ទៅលើ​មន្ត្រីរាជការ​នេះ​បន្ទាប់ពី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​បាន​ដាក់​ឲ្យ​អនុវត្ត​ដល់​កម្មករនិយោជិត​នៅ​តាម​រោងចក្រ​សហគ្រាស​នានា​តាំង ពី​ខែវិច្ឆិកា​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ​ ដើម្បី​ជួយ​ថែទាំ​ជំងឺ ​ឬ ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​បណ្តាល​មក​ពី​ការងារ​ដោយ ប​.​ស​.​ស ជា​អ្នក​ចេញថ្លៃ​ព្យាបាល​ជំនួស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu