Ad Code

ក្លិប​ភ្នំពេញ​ក្រោ​ន បន្ថែម​សមាជិក​ក្នុង​កូតា​បរទេស​ទី​៥ មុន​រដូវ​កាល​ថ្មី​មកដល់​



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​បន្ថែម​សមាជិក​ថ្មី​ម្នាក់ទៀត ដើម្បី​បំពេញ​ក្នុង​កូតា​កីឡាករ​បរទេស ត្រៀម​ទទួល​ស្វាគមន៍​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ ក្រោយ​ការចាកចេញ​របស់​កីឡាករ​ជនជាតិ​កូរ៉េខាងត្បូង Tae WoongKim កាលពី​ខែកុម្ភៈ កន្លងទៅ​។

​យោងតាម​ការបញ្ជាក់​នៅ​លើ​វិ​ប​សាយ​ភ្នំពេញ​ក្រោ​ន កីឡាករ​បរទេស​ថ្មី​នេះ​មាន​ឈ្មោះថា Shuhei Mitsuhashi ជា​កីឡាករ​សញ្ជាតិ​ជប៉ុន មាន​វ័យ​២៤​ឆ្នាំ លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​ប្រយុទ្ធ​។ កីឡាករ​រូបនេះ បានចាប់ផ្តើម​អាជីព​បាល់ទាត់​របស់ខ្លួន ជាមួយ​ក្រុម​ថ្នាល​របស់​ក្លឹប Shonan នៅ​អាយុ​១២​ឆ្នាំ នៅ​អាយុ​១៥​ឆ្នាំ​រូបគេ​បាន​ចូល​ជាមួយ​ក្លឹប​បាល់ទាត់ Maebashi Ikuei បន្ទាប់មក​រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម Kanto Gakuin University ពី​ឆ្នាំ​២០១៣ ដល់​២០១៦ និង​ចុង​ក្រោយនេះ​លេង​នៅ​ក្លឹប​បាល់ទាត់ Fukushima United ដែលជា​លី​គ​ទី​បី​របស់​ប្រទេស​ជប៉ុន ដោយ​បង្ហាញខ្លួន​បាន ២០​ប្រកួត និង​ទាត់​បាល់ប​ញ្ចូល​ទី​បាន ៣​គ្រាប់​ផងដែរ កាលពី​ឆ្នាំ​២០១៧​។

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ បានបង្ហាញ​ទស្សនៈ​របស់ខ្លួន​ក្រោយ​ធ្វើដំណើរ​មកដល់​កីឡដ្ឋាន RSN Stadium ថា «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​ធំ​មួយ​នៅ​កម្ពុជា នៅទីនេះ​មាន​រចនាសម្ព័ន្ធ​ល្អ ហើយ​ខ្ញុំ​យល់ថា​យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ សម្រាប់​ការប្រកួត​នៅពេល​លី​គ​មកដល់​។ ខ្ញុំ​ធ្លាប់​ដឹង​ថា ​ភ្នំពេញ​ក្រោ​ន​មាន​អ្នកគាំទ្រ​ច្រើន ហើយ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​គាំទ្រ​ពួកយើង​នៅក្នុង​ផ្ទះ និង​ការប្រកួត​ក្រៅ​ដី ហើយ​ខ្ញុំ​ក៏​ប្តេជ្ញា​ដែរ​ថា​នឹងធ្វើ​ឲ្យ​បានល្អ​ដើម្បី​អ្នក​ទាំងអស់គ្នា​»​។

យោង​តាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ មកទល់ពេលនេះ ភ្នំពេញ​ក្រោ​ន មាន​កីឡាករ​បរទេស​គ្រប់​ចំនួន​ហើយ បើ​បូក​ទាំង​កីឡាករ​៤​នាក់​មុន​សុទ្ធតែ​ជនជាតិ​ប្រេ​ស៊ី​ល ដែល​ក្លិប​ទើប​ចុះកិច្ចសន្យា​ត្រៀម​រដូវ​កាល​ថ្មី​ដូចគ្នា ក្នុងនោះ​មាន​Paulo Victor, Leonardo Oliveira, Darlan Martins,Jhonatan Sant'anna​។

ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បានតែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្រប​ពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់​តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បានទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu